ភ្នំពេញ ៖ បុរស៣នាក់រងរបួសធ្ងន់ បាក់ដៃ បាក់ជើង គរលើគ្នា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ SL ជិះលឿនជ្រុលទៅបុកម៉ូតូហុងដាឌ្រីម កំពុងឆ្លងផ្លូវ កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៣ នៅតាមផ្លូវជាតិលេខ៤ មុខក្លោងទ្វារវត្តស្ងួនពេជ្រ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះ មានឈ្មោះ កែវ អេង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិបឹងកែក ឃុំដូនសស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាក SL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1BF-3335 ។ ចំណែកភាគីម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1M-8724 បើកដោយជនរងគ្រោះឈ្មោះ ថៅ ថន ភេទប្រុស អាយុ២០ឆ្នាំ រួមដំណើរជាមួយបុរសម្នាក់ទៀត ទាំងពីរនាក់ រស់នៅភូមិអូរល្ពៅ ឃុំអូរល្ពៅ ស្រុកទឹកផុស កំពង់ឆ្នាំង។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះ ខាងម៉ូតូហុងដាឌ្រីម ជិះឌុបគ្នាចេញពីមើលប្រដាល់ ឆ្លងផ្លូវពីត្បូងទៅជើង ស្រាប់តែភាគីខាងម៉ូតូ SL ជិះលឿនពីកើតទៅលិចជ្រុលបុក បណ្តាលឱ្យរងរបួសធ្ងន់ទាំង៣នាក់ បាក់ដៃបាក់ជើង សន្លប់ស្តូកស្តឹងគរលើគ្នា។

ក្រោយកើតហេតុ ជនរងគ្រោះទាំង៣នាក់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូ ត្រូវបានសមត្ថកុច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌជាបណ្តោះអាសន្ន រងចាំភាគីសងខាងចូលខ្លួនដោះស្រាយនៅពេលក្រោយទៀត៕

អត្ថបទៈ តាតុងសែនជ័យ

Share.