ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ សន្លប់ស្តូកស្តឹង ចំណែកនារីម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូហុងដាឌ្រីម ជិះដោយបុរសម្នាក់លឿនជ្រុលទៅបុកជាមួយម៉ូតូZOOMER ជិះដោយនារីម្នាក់ ច្រាសទិសគ្នា។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅតាមផ្លូវបេតុង កែងផ្លូវចោមចៅ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ភាគីខាងបុរសម្នាក់ អាយុជាង៣០ឆ្នាំ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GO-1680 ជិះល្បឿនល្បឿន តាមផ្លូវបេតុងចេញពីក្នុងភូមិ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ កែងផ្លូវចោមចៅ ជ្រុលបុកគ្នាជាមួយ ម៉ូតូZOOMER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IH-3344 ជិះដោយនារីម្នាក់ ជាកម្មកររោងចក្រ ទើបចេញពីការងារថែមម៉ោង ជិះពីត្បូងទៅជើង បំណងវិលទៅផ្ទះ បណ្តាលឱ្យដួល ខាងម៉ូតូហុងដាឌ្រីម រងរបួសធ្ងន់សន្លប់ស្តូកស្តឹង ចំណែកនារី ខាងម៉ូតូ ZOOMER រងរបួសស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.