នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យបានអំពាវនាវឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស ដាក់អាវុធរបស់ពួកគេចុះ ដោយនិយាយថា ទីបញ្ចប់របស់ក្រុមប៉ាឡេស្ទីន គឺជិតមកដល់ហើយ ខណៈដែលសង្រ្គាមនៅតំបន់ហ្គាហ្សាស្ទ្រីប បានអូសបន្លាយពេលជាង ២ខែ បន្ទាប់ពីបានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលា មក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣។

លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សង្រ្គាមនៅតែកំពុងបន្ត ប៉ុន្តែវាគឺជាការចាប់ផ្តើមនៃទីបញ្ចប់របស់ក្រុមសកម្មប្រយុទ្ធហាម៉ាស។ ខ្ញុំប្រាប់ទៅកាន់ក្រុមភេរវករហាម៉ាស ថា «វាចប់ហើយ»។ កុំស្លាប់ដើម្បី មេដឹកនាំក្រុមហាម៉ាស ឈ្មោះ Yahya Sinwar។ សូមទម្លាក់អាវុធចុះចាញ់ឥឡូវនេះ»។

លោក Netanyahu បានបន្ថែមថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមភេរវករហាម៉ាស រាប់សិបនាក់បានចុះចាញ់នឹងកងកម្លាំងរបស់យើង»។

ទោះជាយ៉ាងណាក៏ដោយ យោធាមិនបានបញ្ចេញភស្តុតាងណាមួយ នៃប្រតិបត្តិការសុំចុះចាញ់ឡើយ ហើយក្រុមហាម៉ាស់ បានច្រានចោលការអះអាងរបស់លោក Netanyahu បែបនេះផងដែរ។

រយៈពេលជិតមួយខែមុន រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយថា ក្រុមហាម៉ាសបាន «បាត់បង់ការគ្រប់គ្រង» នៅតំបន់ហ្គាហ្សាហើយ ពោលគឺ ។

សូមជម្រាបថា ក្រុមហាម៉ាស បានឆ្មក់វាយប្រហារលើប្រទេសអ៉ីស្រាអែលដ៏សាហាវបំផុតមិនធ្លាប់មានកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្សប្រហែល ១,២០០នាក់ ហើយក្រុមហាម៉ាសបានចាប់មនុស្ស ២៤០នាក់ ធ្វើជាចំណាប់ខ្មាំងផងដែរ ជាហេតុបណ្ដាលឱ្យអ៉ីស្រាអែលចាប់ផ្ដើមប្រតិ្តបត្តិការកម្ទេចក្រុមហាម៉ាស វិញដើម្បីជាការឆ្លើយតប និងបានសម្លាប់មនុស្សយ៉ាងតិច ១៧,៩៩៧នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី និង​កុមារ នេះ​បើតាម​ក្រសួងសុខាភិបាល​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស៕

ប្រភព៖ NDTV

Share.