ពោធិ៍សាត់៖ នៅថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2023 នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបើកប្រតិបត្តិការឃាត់រថយន្តធុនធំជាច្រើនគ្រឿង ដើម្បីបកស្ទិកគ័រខ្មៅ វាំងននដែលមើលមិនឃើញ ភ្លើងតាំងខុសលក្ខណៈបច្ចេកទេស កែសម្រួលជាមួយនឹងការតុបតែងរញ៉េរញ៉ៃនៅខាងមុខរថយន្ត ដែលស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ 5 ត្រង់ចន្លោះគីឡូម៉ែត្រលេខ 168 និង 169 ក្នុងភូមិតាកែវលើ ឃុំបឹងកន្ទួត ស្រុកក្រគរខេត្តពោធិ៍សាត់។

ការចុះអនុវត្តនេះ ធ្វើឡើងបន្ទាប់ពីទទួលបានបទបញ្ជាដ៏មុឺងម៉ាត់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយ ករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានដាក់បទបញ្ជាឱ្យគ្រប់ស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ ចុះត្រួតពិនិត្យ និងមានវិធានការឱ្យតឹងរ៉ឹងបំផុតទៅលើរថយន្តធុនធំៗ ដែលបិទវាំងនន និងស្ទិកឃ័រពណ៌ខ្មៅនៅលើកញ្ចក់ខាងមុខរថយន្តនោះ ពេលនេះកម្លាំងសមត្ថកិច្ចបាននិងកំពុងមានចំណាត់ការទៅលើរថយន្តធុនធំៗទាំងនោះ។

លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរងទទួលផែនសណ្ដាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា កម្លាំងជំនាញរបស់លោកបានចាប់ផ្ដើមធ្វើសកម្មភាពឃាត់រថយន្តធុនធំដែលបិទ sticker ខ្មៅ វាំងនន ការតាំងភ្លើងខុសលក្ខណៈបច្ចេកទេស កញ្ចក់មើលក្រោយច្រើនដោយផ្ដោតលើកញ្ចក់ខាងមុខ និងការតុបតែងរញ៉េរញ៉ៃខុសប្រក្រតី ដូចជាបិទអក្សរនៅជាប់និងរថយន្តជាដើម។ ជាពិសេសរថយន្តធុនធ្ងន់តែម្ដង ដែលធ្វើឱ្យអ្នកបើកបរមើលផ្លូវមិនបានឃើញច្បាស់អាចបង្ករគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរផង និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈផង។ ដូច្នេះត្រូវតែកែសម្រួលហ្នឹងបកចេញទាំងអស់តែម្ដង។ នេះគឺជាកិច្ចចង្អុលការរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគបាលខេត្តពោធិ៍សាត់ ជាពិសេសអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្ធិបណ្ឌិតសសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លោកបានបញ្ជាក់ឲ្យដឹងផងដែរថា សម្រាប់ប្រតិបត្តិការថ្ងៃដំបូងនេះ គឺសមត្ថកិច្ចជំនាញធ្វើបានចំនួន 50 គ្រឿងហើយចំពោះរថយន្តធុនធំដែលធ្វើចរាចរណ៍នៅលើដងផ្លូវ នឹងត្រូវអនុវត្តជាបន្តបន្ទាប់ផងដែរ។ ជាមួយគ្នា លោក បានអំពាវនាវដល់ម្ចាស់រថយន្ត ឬអ្នកបើកបរទាំងអស់សូមចូលរួមអនុវត្តឱ្យបានគ្រប់ៗគ្នា ដោយកែសម្រួលនិងបកចេញប្រសិនបើមានដូចករណីខាងលើសំដៅធ្វើយ៉ាងណាឱ្យស្របតាម ការណែនាំរបស់ថ្នាក់ដឹកនាំ៕

អត្ថបទ៖ ពោធិ៍សាត់

Share.