ភ្នំពេញ៖ ពិធីចុះអនុស្សារណៈយោគយល់គ្នា MOU មួយបានកើតឡើងនៅថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០២៣នេះ នៅសណ្ឋាគារ រេស៊ីដង់សុខាភ្នំពេញ រវាងទូរទស្សន៍យូណានប្រទេសចិន ជាមួយទូរទស្សន៍ជាតិកម្ពុជា ទទក និងសារព័ត៌មានត្រយង លើការផ្លាស់ប្ដូរមាតិកាគ្នាទៅវិញទៅមក សំដៅបង្កើនវិសាលភាពនៃការផ្សព្វផ្សាយព័ត៌មាន ខ្សែភាពយន្ត និងភាពយន្តឯកសារផ្សេងៗទាក់ទងជីវភាពរស់នៅ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ ការធ្វើជំនួញ និងការប្រាស្រ័យទាក់ទងគ្នារបស់ប្រជាជនប្រទេសទាំងពីរ។

ពិធីចុះMOU រវាងទូរទស្សន៍យូណានជាមួយទូរទស្សន៍ ទទក(រូបខាងស្តាំ) និងសារព័ត៌មានត្រយង(រូបខាងឆ្វេង)។

អនុស្សារណៈយោគយល់គ្នានេះ ក៏រៀបចំឡើងស្របពេលនៃការប្រារព្ធខួបសោតទស្សន៍ ឡានឆាង-មេគង្គ លើកទី ៤ នៃ«សោតទស្សន៍ប្រទេសចិនចូលមកកម្ពុជា»ផងដែរ ដោយមានការចូលរួមពីឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងរដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិ ទទក លោក សឹង កៅជី (Sheng Gaoju) អគ្គនាយកវិទ្យុនិងទូរទស្សន៍រដ្ឋបាលខេត្តយូណាន ប្រទេសចិន និងលោក ប៊ិន ប៊ុណ្ណា អគ្គនាយកសារព័ត៌មាន ជាមួយមន្រ្តីនិងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ការរាប់ថយក្រោយនៃពិធីចុះអនុស្សារណៈ។

ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មានមានប្រសាសន៍ថា កិច្ចសហការរវាងទូរទស្សន៍យូណានប្រទេសចិនជាមួយទូរទស្សន៍ជាតិកម្ពុជា ទទក និងសារព័ត៌មានត្រយងនៅពេលនេះ នឹងក្លាយជាចលករមួយជួយបង្កើនភាពស៊ីជម្រៅក្នុងការផ្លាស់ប្តូរការផលិតខ្សែភាពយន្ត ភាពយន្ត​ឯកសារ និងព័ត៌មាន ដើម្បីរក្សាសិទ្ធិក្នុងការផ្សព្វផ្សាយពីវប្បធម៌ក្នុងទ្រទ្រាយធំលើកម្មវិធីផ្សាយនានា។ ឯកឧត្តម កឹម គុណវឌ្ឍន៍ ថ្លែងបន្តថា កន្លងមកទូរ ទស្សន៍យូណាន ធ្លាប់បានសហការផ្លាស់ប្តូរនូវឯកសារភាពយន្តមួយចំនួន ពិសេសបច្ចេកទេសធ្វើកសិកម្ម និងបច្ចេកវិទ្យាដែលទាំងអស់នេះនាំមកនូវការផ្លាស់ប្តូរបទពិសោធន៍រវាងប្រទេសទាំងពីរនាំឱ្យប្រជាជនអាចទទួលចំណេះដឹងថ្មីៗពីមាតិកាព័ត៌មាននិងភាពយន្តនោះ។

ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងព័ត៌មានថ្លែងបន្តទៀតថា នាពេលអនាគតកម្ពុជាមានឆន្ទៈក្នុងការសហការជាមួយបណ្តាប្រទេសដទៃទៀតក្នុងតំបន់ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ឡានឆាងមេគង្គ និងការរៀនសូត្រថ្មីៗនៃការផលិតព័ត៌មាននិងភាពយន្ត ដើម្បីឱ្យទស្សនិជនលើពិភពលោកបានស្គាល់ពីកម្ពុជា ការជីវភាពវប្បធម៌របស់ប្រទេសអនុតំបន់មេគង្គឡាន-ឆាង។

ភាគីទូរទស្សន៍យូណានចិន។

ដោយឡែកឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិ ទទក មានប្រសាសន៍ថា តាមរយៈកិច្ចសហការដោះប្តូរមាតិកាព័ត៌មាននិងឯកសារភាពយន្តនេះ ទូរទស្សន៍ជាតិ ទទក រង់ចាំជួយសហការសម្របសម្រួលបច្ចេកទេសនានា ទាំងការប្រែសម្រួលភាសា និងឯកសារគតិយុទ្ធពីដំណើរការនេះ។ បន្ថែមពីនេះឯកឧត្តមថា កិច្ចសហការនេះក៏ជាផ្នែកមួយជួយជំរុញការផ្សព្វផ្សាយពីប្រទេសកម្ពុជានូវស្នាមញញឹម តំបន់ទេសចរណ៍ និងធនធានសក្តានុពលផ្សេងៗទៀត ដែលអាចជួយទាក់ទាញភ្ញៀវទេសចរណ៍ អ្នកវិនិយោគទុនចិនមកកាន់កម្ពុជាកាន់តែច្រើន។

ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិ ទទក។

ទាក់ទងរឿងនេះ លោក Sheng Gaoju អគ្គនាយកវិទ្យុនិងទូរទស្សន៍រដ្ឋបាលខេត្តយូណានថ្លែងថា ប្រទេសកម្ពុជានិងចិនជាប្រទេសមានមិត្តភាពរឹងមាំ និងមានកិច្ចសហប្រតិបតិ្តការយ៉ាងល្អស្ទើរគ្រប់វិស័យ ដែលហេតុនេះហើយទើបទូរទស្សន៍យូណាន ចង់លើកឡើងនូវចំណងមេត្រីភាពទាំងអស់នេះតាមរយៈការបង្ហាញលើខ្សែភាពយន្តឯក សារ និងព័ត៌មានដោយមានការដោះប្តូរនូវមាតិកាគ្នាទៅវិញទៅមកដើម្បីធ្វើការផ្សព្វផ្សាយ។ អគ្គនាយកវិទ្យុនិងទូរទស្សន៍រដ្ឋបាលខេត្តយូណានបន្តថា កន្លងមកភាគីទូរទស្សន៍យូណានធ្លាប់បានអញ្ជើញភាគីខាងកម្ពុជាដែលមានទូរទស្សន៍ជាតិ និងសារព័ត៌មានត្រយងទៅទស្សនកិច្ចប្រទេសចិននិងបានចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការការងារចំនួន ៣ ផងដែរលើការផ្លាស់ប្តូរមាតិកានេះ។

លោក Sheng Gaoju អគ្គនាយកវិទ្យុនិងទូរទស្សន៍រដ្ឋបាលខេត្តយូណាន

លោក Sheng Gaoju សង្ឃឹមថា តាមរយៈការផ្លាស់ប្តូរនេះ នឹងបង្កើតនូវកាលានុភាពថ្មីៗ បង្កើនកិច្ចសហការរួចគ្នាយ៉ាងស៊ីជម្រៅរវាងប្រទេសកម្ពុជានិងស្ថានីយ៍វិទ្យុ និងទូរទស្សន៍យូណានលើផ្នែកវិទ្យុ ទូរទស្សន៍​និងសោតទស្សន៍តាមអ៊ីធើណែត។

លោក ប៊ិន ប៊ុណ្ណា អគ្គនាយកសារព័ត៌មានត្រយងថ្លែងថា សារព័ត៌ត្រយងដែលប្រមូលផ្តុំដោយអ្នកសារព័ត៌មានមានបទពិសោធន៍ជាច្រើនឆ្នាំ បានទទួលសិទ្ធិក្នុងការសហផ្សាយជាមួយទូរទស្សន៍យូណាន បន្ទាប់ពីខាងភាគីចិនបានអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសចិន និងបានផ្តល់ទំនុកចិត្តខ្ពស់ក្នុងការសហការផលិតមាតិកានិងការចាក់ផ្សាយផលិតផលនានាលើប្រព័ន្ធផ្សព្វផ្សាយរបស់សារព័ត៌មានត្រយង។ លោកអគ្គនាយកសារព័ត៌មានត្រយង បន្ថែមថា កិច្ចសហការផ្លាស់ប្តូរមាតិកានេះនឹងអាចជួយជំរុញកំណើនទេសចរណ៍ផងដែរ តាមរយៈការផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ តំបន់ទេសចរណ៍ មុខម្ហូប និងការប្រកបរបបចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋប្រទេសទាំងពីរឱ្យពិភពលោកបានដឹងកាន់តែច្បាស់។

លោក ប៊ិន ប៊ុណ្ណា អគ្គនាយកសារព័ត៌មានត្រយងថ្លែងចាប់អារម្មណ៍ក្នុងកម្មវិធី។

កម្មវិធីសប្តាហ៍សោតទស្សន៍ ឡានឆាង-មេគង្គ លើកទី៤ នៃ«សោតទស្សន៍ប្រទេសចិនចូលមកកម្ពុជា»ត្រូវបានប្រារព្ធឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ចិន លើវិស័យព័ត៌មាន ពិសេសនាំមកនូវកម្មវិធី វិទ្យុ ទូរទស្សន៍ល្អៗរបស់ចិន ដើម្បីធ្វើការផ្សព្វផ្សាយក្នុងប្រទេសកម្ពុជា។

ភាគីចិននិងកម្ពុជាដែលបានចុះMOU។

តាមឯកសារភាពយន្តដែលបានចាក់បញ្ចាំងក្នុងកម្មវិធីចុះអនុស្សារណៈយោគយល់គ្នានេះ មានការផលិតឡើងនូវមាតិកាជាច្រើនដែលផ្តោតទៅលើប្រពៃណីនៃការរស់នៅជនជាតិចិននៅកម្ពុជា ការផលិតសម្ភារៈផ្សេងក្នុងរោងចក្រសហគ្រាស រោងសិប្បកម្មខ្នាតតូចនិងមធ្យម ទីកន្លែងកំសាន្តនានា របៀបធ្វើម្ហូបនិងមុខម្ហូបដ៏សម្បូរបែប ជីវភាពរស់នៅក្នុងប្រកបរបស់រកស៊ីរបស់ប្រជាជនតាមជនបទ ការធ្វើកសិកម្មបែបបទប្រពៃណី និងសម័យទំនើប បច្ចេកវិទ្យាសម័យថ្មី និងខ្សែភាពយន្តចិនបុរាណនិងសម័យជាដើម។

មាតិកាទាំងអស់នេះហើយ គឺជាអ្វីដែលភាគីនៃអនុស្សារណៈនឹងគ្រោងឈានទៅផលិតនាពេលអនាគត៕

Share.