ភ្នំពេញ៖ យ៉ាងហោចណាស់អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ​សំខាន់ៗចំនួន៣ ត្រូវបានភាគីប្រទេសកម្ពុជានិងប្រទេសវៀតណាមបានចុះកិច្ចព្រមព្រៀងជាមួយគ្នា គ្រាដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទៅបំពេញដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ នេះ។

នាយករដ្ឋមន្រ្តីកម្ពុជានិងវៀតណាម។

អនុស្សារណៈ ទី១ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា និងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វៀតណាម។ ទី២-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ កម្ពុជា និងបណ្ឌិត្យសភាការទូត វៀតណាម។ និងទី៣-អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មវៀតណាម។

ក្រៅពីនេះ នាយករដ្ឋមន្រ្តីប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានឯកភាពដាក់ចេញនូវទិសដៅបន្តពង្រឹង និងពង្រីកកិច្ចសហ-ប្រតិបត្តិការលើគ្រប់វិស័យឱ្យទទួលបានលទ្ធផលផ្លែផ្កាបន្ថែមទៀត ដើម្បីផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ។ ពិសេសលើវិស័យនយោបាយ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ សុខា ភិបាល អប់រំ ការតភ្ជាប់ ការពារជាតិ សន្តិសុខ ការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែន។ កិច្ចការតំបន់ និងសាកល ក៏ត្រូវបានភាគីទាំងពីរលើកឡើង ដោយបង្ហាញការពេញចិត្តចំពោះការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរជាតិនានា ដូចជា ក្របខណ្ឌអង្គការសហប្រជាជាតិ អាស៊ាន និងអនុតំបន់មេគង្គ ជាដើម។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងវៀតណាម។

បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងនិងបានឯកភាពគ្នាជាមួយនាយករដ្ឋមន្រ្តីវៀតណាមហើយ សម្តេច ហ៊ុន ម៉ាណែត ក៏បន្តជួបសម្ដែងការគួរសមចំពោះអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ប្រធានរដ្ឋ និងប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ដោយឡែកទាក់ទងវិស័យសេដ្ឋកិច្ច និងវិនិយោគវិញ សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា បានទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុនវៀតណាម ចំនួន៦ និងអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ឆ្នាំ២០២៣ ជាមួយ នាយករដ្ឋមន្រ្តីវៀតណាម។ ថ្នាក់ដឹកនាំក្រុមហ៊ុនវៀតណាម រួមមាន ក្រុមហ៊ុន VIETTEL ក្រុមហ៊ុន VIETJET Group ក្រុមហ៊ុនសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម ធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម ក្រុមហ៊ុន THACO និងក្រុមហ៊ុន Vingroup Corporation  បានបង្ហាញក្ដីរីករាយ និងបានបង្ហាញឆន្ទៈក្នុងការពង្រីកគម្រោងវិនិយោគដែលមានស្រាប់ និងបំណងដាក់ទុនវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចធិបតី បានចូលរួមអបអរសាទរចំពោះភាពរីកចម្រើនរបស់ក្រុមហ៊ុន ទាំងនៅក្នុងប្រទេស វៀតណាម និងនៅប្រទេសកម្ពុជា ព្រមទាំងបានសម្ដែងការកោតសរសើរចំពោះការចូលរួមជាវិជ្ជមានក្នុងកិច្ចការសង្គម និងមនុស្សធម៌នៅកម្ពុជា។ សម្ដេចធិបតី បានលើកទឹកចិត្តក្រុមហ៊ុនវៀតណាមទាំង ៦  ពង្រីកការវិនិយោគថ្មីៗបន្ថែមទៀត ខណៈកម្ពុជាបាននឹងកំពុងផ្ដល់នូវបរិយាកាសវិនិយោគយ៉ាងអំណោយផល ជាពិសេសតាមរយៈច្បាប់វិនិយោគថ្មី។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំវៀតណាម។

សូមបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ធ្វើមាតុភូមិនិវត្តន៍ នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នេះ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ជាការកត់សម្គាល់ផ្អែកតាមសន្និសីទសារព័ត៌មាន ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេសបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាភាគីវៀតណាមចង់ឱ្យមានការពន្លឿន ការបោះបង្គោលព្រំដែន រវាងប្រទេសទាំងពីរ ឱ្យចប់ជាស្ថាពរឱ្យបានឆាប់ ដើម្បីជំរុញឱ្យតាមបណ្តោយព្រំដែន ក្លាយជាទីតាំងសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចទំនើប។

ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានថ្លែងទៀតថា កិច្ចការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម មិនទាន់អាចបញ្ជាក់ថាថាត្រូវបញ្ចប់នៅពេលណានោះទេ ប៉ុន្តែភាគីទាំងពីរសុទ្ធតែបង្ហាញឆន្ទះចង់បញ្ចប់ឱ្យបានឆាប់រហ័សបំផុត។ ឯកឧត្តម ថា កិច្ចការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅសល់តែ ១៦ភាគរយទៀតប៉ុណ្ណោះ៕

Share.