ភ្នំពេញ៖ នៅថ្ងៃទី១២ ខែធ្នូឆ្នាំ២០២៣ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យ០៦ នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងករណីប្លន់យកម៉ូតូ ក្នុងខណ្ឌចំនួន០៦ នារាជធានីភ្នំពេញ ចំនួន ២៦ ករណី។

ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៦នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសប្លន់យកម៉ូតូ ដោយប្រើជើងធាក់ផ្តួលម៉ូតូ យកកាំបិតកាប់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន២៦ករណី។

ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់រួមមាន៖១-ឈ្មោះ សុខ តុលា ភេទ  ប្រុស ជនជាតិ ខ្មែរ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ មុខរបរ មិនពិតប្រាកដ ។២-ឈ្មោះ ពៅ ឌូ ហៅ ហ្វុង ភេទ ប្រុស ជនជាតិ ខ្មែរ ស្នាក់នៅភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មុខរបរ មិនពិតប្រាកដ ។៣-ឈ្មោះ ឌុល ប្រាថ្នា ហៅ ដុល្លារ ភេទ  ប្រុស ជនជាតិ ខ្មែរ មានទីលំនៅតាមផ្ទះសំណាក់ចល័ត មុខរបរ មិនពិតប្រាកដ។៤-ឈ្មោះ អេង សំណាង ហៅ ចយ  ភេទ ប្រុស ជនជាតិ ខ្មែរ មានទីលំនៅតាមផ្ទះសំណាក់ចល័ត មុខរបរ មិនពិតប្រាកដ ។ ៥-ឈ្មោះ ឈន ម៉េងឡុង ហៅ ឡុង ភេទ ប្រុស ជនជាតិ ខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រមុខរបរ មិនពិតប្រាកដ។៦-ឈ្មោះ លី ហៃ ហៅ  ហ៊ួ ភេទ ប្រុស ជនជាតិ វៀតណាម មានទីលំផ្ទះជួល ផ្លូវលំ ភូមិច្រាំងចាក់ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ មុខរបរ ទិញលក់ម៉ូតូ ។

ជនសង្ស័យខាងលើបានធ្វើសកម្មភាពនៅខណ្ឌសែនសុខចំនួន ០៥ករណី ខណ្ឌដង្កោចំនួន ១១ ករណី ខណ្ឌកំបូលចំនួន ០៣ ករណី ខណ្ឌព្រែកព្នៅ ចំនួន ០៣ ករណីខណ្ឌមានជ័យចំនួន ០១ ករណី ខណ្ឌពោធិ៍សែនជ័យចំនួន ០៣ ករណី ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ចតុមុខ

Share.