ភ្នំពេញ ៖ បុរសម្នាក់ជាកម្មកររោងចក្រ សង្ស័យមានបញ្ហាវិប្បត្តិក្នុងគ្រួសារ ទើបសម្រេចចិត្តរត់ទៅបញ្ចប់ជីវិត ដោយចងកសម្លាប់ខ្លួន បង្កការផ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នៅទ្វាររបងវត្តតាំងកសាងខាងត្បូង ក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ប្រាក់ ចិត្តាមិថុនា ហៅជុក ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិចំការឳឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បើតាមអ្នកភូមិ បានឱ្យដឹងថា ពុំសូវត្រូវគ្នាជាមួយប្រពន្ធ ឃើញឈ្លោះគ្នាញឹកញាប់ ហើយជនរងគ្រោះចូលចិត្តហូបស្រាណាស់ដែរ ។

ប្រភពបន្តទៀតថា មុនភ្ញាក់ផ្អើល បន្ទាប់ពីមានពលរដ្ឋចូលទៅបត់ជើងតូច ស្រាប់តែប្រទះឃើញ ជនរងគ្រោះចងកស្លាប់បាត់ទៅហើយ ដោយយកអាវដៃវែងចងភ្ជាប់នឹងទ្វាររបងវត្ត សង្ស័យតែមានវិប្បត្តិក្នុងគ្រួសារ ទើបជនរងគ្រោះសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងបែបនេះ ។

ក្រោយពីប្រទះឃើញជនរងគ្រោះចងកធ្វើអត្តឃាត ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ជំនាញកោសល្យវិច័យស្នងការរាជធានីភ្នំពេញ ទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការពិនិត្យកោសល្យវិច័យ ឃើញថាជនរងគ្រោះធ្វើអត្តឃាតខ្លួនឯង រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.