ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់បាក់ជើងស្តាំ ចំណែកម្នាក់ទៀតរងរបួសបាក់ស្មាស្តាំ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តPrius បើកបុកគ្នាជាមួយម៉ូតូហុងដាឌ្រីម ត្រង់ផ្លូវបំបែកជាបួន កាលពីវេលាម៉ោង១០និង ២៥នាទីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្សារក្រមួនតាមផ្លូវ១៩៨០ កែងផ្លូវ១០០៧ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះទាំង២នាក់ ទី១ ឈ្មោះ នេត សុត ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រងរបួសបាក់ជើងស្តាំ ។ ទី២ ឈ្មោះ មៀច សារិទ្ធ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រងរបួសបាក់ស្មាស្តាំ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JN-0283 ឌុបគ្នាល្បឿនលឿន តាមផ្លូវ១០០៧ ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ផ្លូវបំបែកជាបួន បានបុកគ្នាជាមួយ រថយន្តPrius ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BL-4523 ធ្វើដំណើរតាមផ្លូវ១៩៨០ ពីកើតទៅលិច បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់បាក់ជើងស្តាំ ម្នាក់ទៀតរងរបួសបាក់ស្មាស្តាំ។

ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកសែនសុខ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ រីឯម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចវាស់វែងរួច យកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយគ្នាពេលក្រោយ៕

អត្ថបទ៖ ត្រយងតូច

Share.