ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានចេញមកច្រានចោលចំពោះការចោទប្រកាន់ថា មានពលរដ្ឋកម្ពុជារហូតដល់ជាង១០ម៉ឺននាក់ ត្រូវបានជាប់ក្នុងការបង្ខិតបង្ខំធ្វើការដោយខុសច្បាប់ និងរងគ្រោះដោយអំពើឆបោកតាមប្រព័ន្ធអនឡាញ ដូចការចោទប្រកាន់តាមបណ្ដាសារព័ត៌មានមួយចំនួននោះទេ។

ការចេញមកបញ្ជាក់បែបនេះរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ធ្វើឡើងក្នុងឱកាសអញ្ជើញជាធិបតីភាព តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងខួបលើកទី១៧ ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស»។ ពិធីនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលមានអ្នកចូលរួមជាង៣០០០នាក់។

អ្នកចូលរួមក្នុងខួបលើកទី១៧ ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស»។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអះអាងថា ក្នុងរយៈពេល១ឆ្នាំមកនេះ កម្លាំងសមត្ថកិច្ចបានធ្វើការអន្តរាគមន៍ស្រាវជ្រាវរុករកបទល្មើស បានរហូតដល់១,២១៣ករណី គឺប្រមាណ ៩៧.៧០%។ ក្នុងនោះ ករណីបង្ខំធ្វើការដោយខុសច្បាប់ មានចំនួន២៥៩នាក់ ស្រី៤៨នាក់ មាន៧សញ្ជាតិ ដែលបានសន្និដ្ឋានថា ជាករណីជួញដូរមនុស្ស។ សមត្ថកិច្ចស្វែងរកចាប់ជនសង្ស័យប្រព្រឹត្តបទល្មើស បាន៩១នាក់ (មានបីសញ្ជាតិ) ក្នុងករណីបង្ខាំង និងជនសង្ស័យ៣៥នាក់ (មានបួនសញ្ជាតិ)។ ពាក់ព័ន្ធករណីជួញដូរមនុស្សបញ្ចូនទៅតុលាការ បិទទីតាំងប្រព្រឹត្តបទល្មើស ចំនួន៥ទីតាំង និងបើកការស៊ើបអង្កេតករណ៍សម្អាតប្រាក់ សរុប ១០ករណី។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងយ៉ាងដូច្នេះថា «សមិទ្ធផលនៃលទ្ធផលតាមរយៈរបាយការណ៍នេះ ជាក់ស្ដែងយើងបានរកឃើញក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា អាចបញ្ជាក់ជាភស្ដុតាងជាក់ស្ដែងថា មិនមាន ជនរងគ្រោះដែលបានជាប់ក្នុងការបង្ខិតបង្ខំធ្វើការខុសច្បាប់ ឆបោកតាមអនឡាញ រហូតដល់ជាង១០ម៉ឺននាក់ ដូចការផ្សព្វផ្សាយនៅតាមបណ្ដាសារព័ត៌មានមួយចំនួននោះទេ»។

ក្នុងតួនាទីជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា តាមរយៈវេទិកានេះ បានប្រកាសអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងចាត់ទុកថា «ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧» ដើម្បីការលើកកម្ពស់សន្តិសុខ សុវត្ថិភាពមនុស្សជាតិ និងការលើកកម្ពស់សក្តានុពលនៃ ធនធានមនុស្ស សម្រាប់ការអភិវឌ្ឍជាតិគ្រប់វិស័យ។

ការច្រានចោលនេះ បន្ទាប់ពី​របាយការណ៍​ប្រចាំឆ្នាំ​ស្តីពី​ការជួញដូរមនុស្ស​ ចេញផ្សាយ​កាលពីថ្ងៃ​ទី ១៥ មិថុនា ឆ្នាំ២០២៣ របស់ក្រសួង​ការបរទេស​អាមេរិក​បាន​គូស​បញ្ជាក់​ពី​ការកើនឡើង​គួរ​ឲ្យកត់សំគាល់ នៃ​ពលកម្ម​ដោយបង្ខំ ដែល​មាន​ជាប់ទាក់ទង​នឹងជំងឺរាតត្បាតកូវីដ។ ក្រសួងការបរទេស​អាមេរិក​បានបង្ហាញ​ប្រទេស​ដែលឡើងចំណាត់ថ្នាក់ល្អ និង​ប្រទេស​ធ្លាក់ចំណាត់ថ្នាក់ ដោយសារ​មិន​បាន​ប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​នឹងការជួញដូរ។ ចំណែកកម្ពុជា ស្ថិត​ក្នុង​ចំណោម​ប្រទេស​ចំនួន ២៤ ដែល​ជាប់ចំណាត់ថ្នាក់ កម្រិត​ទី៣ ដែលជា​ចំណាត់ថ្នាក់ដ៏អាក្រក់បំផុតរបស់​ក្រសួងការបរទេស​អាមេរិក។

ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិ ការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានអំពាវនាវដល់អភិបាលរាជធានី-ខេត្ត និងជាប្រធានគណៈ កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ លោក លោកស្រី ជាប្រធានមន្ទីរ អង្គភាព ស្ថាប័នក្រោមឱវាទគ្រប់ថ្នាក់ ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ រហូតដល់ កងកម្លាំងឈរជើងតាមបណ្តោយខ្សែបន្ទាត់ព្រំដែន សូមពង្រឹងស្មារតីទទួលខុសត្រូវក្នុងតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាល ប្រគល់ជូនឲ្យបានម៉ត់ចត់។

លើសពីនេះ ត្រូវពង្រឹងការផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន កុំជឿតាមការអូសទាញរបស់មេខ្យល់ ដែលនាំឲ្យធ្លាក់ខ្លួន ក្នុងភាពរងគ្រោះដោយអំពើជួញដូរមនុស្ស, លើកកម្ពស់ការផ្តល់សេវាសាធារណៈឲ្យបានល្អ, ពង្រឹងនូវការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ, បង្កើនការផ្តល់កិច្ចគាំពារ និងការផ្តល់សេវាសមស្របជូនជនរងគ្រោះឲ្យបានត្រឹមត្រូវ, កែលម្អការផ្តល់ឯកសារតាមផ្លូវច្បាប់ ជូនពលករដែលមានបំណងធ្វើទេសន្តរប្រវេសន៍ការងារនៅក្រៅប្រទេស ឲ្យបានត្រឹមត្រូវទៅតាមគោលការណ៍កំណត់ កាត់បន្ថយ ឈានទៅលុបបំបាត់ ការយកកម្រៃសេវាក្រៅផ្លូវការ ដែលនាំឲ្យមានភាពមិនប្រក្រតី និងបង្កើតអំពើពុករលួយក្នុងប្រព័ន្ធការងារ និងប៉ះពាល់ផលប្រយោជន៍ របស់ពលករ។

អ្នកចូលរួមក្នុងខួបលើកទី១៧ ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស»។

បន្ទាប់ពីវេទិកានេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា សង្ឃឹម និងជឿជាក់ថា លោក លោកស្រី ជាស្ថានតំណាង នៃបណ្តាប្រទេសពាក់ព័ន្ធទាំងឡាយ ក៏ដូចជាអង្គការដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ដែលបាននិងកំពុងធ្វើការងារក្នុងគោលដៅប្រឆាំងអំពើជួញដូរមនុស្ស នឹងនៅតែបន្តកិច្ចសហការ ឲ្យបានកាន់តែទូលំទូលាយ ដើម្បីបង្កើនប្រសិទ្ធភាព នៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការពារសិទ្ធិ ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៃបណ្តាប្រទេស ដែលត្រូវបានឧក្រិដ្ឋជនជួញ ដូរ និងកេងប្រវ័ញ្ញតាមគ្រប់រូបភាព៕

Share.