ភ្នំពេញ ៖ យុវជនម្នាក់ជួបជុំមិត្តភ័ក្ររួមការងារសុឹងពេញមួយយប់ ស្រវឹងនឹកឃើញចង់ទៅលេងស្រុក ទាញម៉ូតូជិះបោះពួយលឿនជ្រុលឡើងសួនទ្រូងផ្លូវ បុកបង្គោលភ្លើង បោកផ្លោងជាង៣០ម៉ែត្រ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែង ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ទល់មុខវិទ្យាស្ថានកសិកម្ម ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ផឺន ណារិទ្ធិ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅការដ្ឋានសំណង់ព្រលានយន្តហោះ ថ្មី ភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទីលំនៅផ្ទះលេខ B ៤៩៨ ភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

តាមប្រភពមួយបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជួបជុំមិត្តភ័ក្ររួមការងារ នាំគ្នាផឹកសុី សុឹងពេញមួយយប់ នៅក្នុងការដ្ឋាន លុះដល់វេលាម៉ោងខាងលើ ជនរងគ្រោះនឹកចង់ទៅលេងផ្ទះ ម្តាយ ក៏ទាញម៉ូតូ ហុងដាឌ្រីម សេរី២០១៤ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E-7818 ជិះធ្វើដំណើរកាត់តាមផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ជួបគ្រោះថ្នាក់បែបនេះតែម្តង ។

តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូល្បឿនលឿន បោះពួយតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ជ្រុលឡើងសួនទ្រូងផ្លូវ បុកបង្គោលភ្លើងបំភ្លឺផ្លូវ ខ្ទាតផ្លោងជាង៣០ម៉ែត្រ បណ្តាលឱ្យស្លាប់ភ្លាមៗ បែកលើផ្ទៃមុខខ្ទេច ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ ស្រាវជ្រាវ ទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីទទួលយកសពដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌជាបណ្តោះអាសន្ន ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.