​ភ្នំពេញ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VIETNAM NEWS AGENCY) បានចុះផ្សាយថា ភាគីកម្ពុជានិងវៀតណាម មានមហិច្ឆិតាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ ពាន់លានដុល្លារនាពេលអនាគត ខណៈវៀតណាមបាន ឈានមុខគេក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ានដែលមានវិនិយោគិនច្រើននៅកម្ពុជា។ ការចេញផ្សាយនេះ អំឡុងពេលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាច្រើនរូបទៀត ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

នាយករដ្ឋមន្រ្តីកម្ពុជា(ឆ្វេង)និងនាយករដ្ឋមន្រ្តីវៀតណាម(ស្តាំ)។

ទីភ្នាក់ងារសារព័ត៌មានវៀតណាមមួយនេះបន្តថា ភាគីនាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) បានអបអរសាទរចំពោះសមិទ្ធិផលសំខាន់ៗដែលរដ្ឋាភិបាលកម្ពុជាសម្រេចបានក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន និងបង្ហាញទំនុកចិត្តខ្ពស់ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត។ នាយករដ្ឋមន្រ្តី វៀតណាម ជឿជាកថា កម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធិផលថ្មីៗក្នុងការអភិវឌ្ឍន៍ប្រទេស រួមទាំងគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគវិញ កាសែតវៀតណាមខាងលើបន្ថែមទៀតថា ​នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពគាំទ្រគ្នាទៅវិញទៅមកក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ ភាពពឹងលើខ្លួនឯង សមាហរណកម្មអន្តរជាតិ និងសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។ ប្រទេសទាំងពីរនឹងពង្រឹងការតភ្ជាប់សេដ្ឋកិច្ច រួមទាំងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងក្របខ័ណ្ឌគោលនយោបាយ ជំរុញពាណិជ្ជកម្មទ្វេភាគី ជាពិសេសពាណិជ្ជកម្មតាមព្រំដែន និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់។

ពិធីចុះMOUរវាងប្រទេសកម្ពុជានិងវៀតណាម។

ភ្ជាប់ជាមួយគ្នានោះ ភាគីទាំងពីរបានឯកភាពជំរុញ និងសម្រួលដល់សកម្មភាពអាជីវកម្មរបស់សហគ្រាសមកពីប្រទេសទាំងពីរផងដែរ។

តាមប្រភពរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមដដែរបញ្ជាក់ថា វៀតណាមនៅតែជាប្រទេសមានវិនិយោគិនច្រើនឈានមុខគេក្នុងតំបន់អាស៊ានដែលដាក់ទុននៅកម្ពុជា ដោយមានគម្រោងសកម្មចំនួន ២០៥ មានដើមទុនចុះបញ្ជីសរុបចំនួន ២.៩៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក។

​នៅ​ឆ្នាំ​២​០​២​២​ ​ទំហំ​ពាណិជ្ជកម្ម​វៀតណាម​-​កម្ពុជា​កើន​ឡើង​ជិត​ ​១​១​% ​បើធៀបនិង​ឆ្នាំ​២​០​២​១​ គឺ​ឈាន​ដល់​ជិត​ ​១​១​ប៊ី​លាន​ដុល្លារ។​ ​ចំណែក​ការនាំចេញ​របស់​វៀតណាម​មក​កម្ពុជា​មាន​ចំនួន​ ​៥​,​៧​៥​ ​ប៊ី​លាន​ដុល្លារ​ ​កើន​ឡើង​ ​១​៩​% ​ធៀប​នឹង​រយៈពេល​មួយ​ឆ្នាំ​ ​ខណៈ​ការនាំចូល​ពី​កម្ពុជា​សម្រេច​បាន​ ​៤​,​៨​២​ ​ប៊ី​លាន​ដុល្លារ​ ​កើន​ឡើង​ ​២​,​៤​៨​% ​។​

រីឯ​ ​១​១​ខែ​នៃ​ឆ្នាំ​២​០​២​៣​ ​ពាណិជ្ជកម្ម​រវាង​វៀតណាម​និង​កម្ពុជា​មាន​ចំនួន​សរុប​ជិត​ ​៨​ ​ពាន់​លាន​ដុល្លារ​។​ ​វៀតណាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទីបី​របស់​កម្ពុជា​ ​និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំបំផុត​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (​អា​ស៊ាន​)​។​

វៀតណាម​បាន​និង​កំពុង​បង្កើត​គម្រោង​ជាច្រើន​នៅ​កម្ពុជា​ ​ក្នុងការផ្គត់ផ្គង់​វត្ថុធាតុដើម​សម្រាប់​ផលិតកម្ម​ឧស្សាហកម្ម​ក្នុងស្រុក​ ​ជាពិសេស​កៅស៊ូ​។ ​ដោយឡែក ​កម្ពុជា​ក៏​ជាទី​ផ្សារ​សម្រាប់​ផលិតផល​ដែក​ ​និង​លោហៈ​ ​សម្ភារៈសំណង់​ ​អាហារ​កែច្នៃ​ ​និង​ទំនិញ​ប្រើប្រាស់​ពី​ប្រទេស​វៀតណាម​ផងដែរ។​

​សូមបញ្ជាក់ថា អំឡុងពេលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ អនុស្សារណៈយោគយល់គ្នាសំខាន់ៗចំនួន៣ បានចុះកិច្ចព្រមព្រៀង។ក្នុងនោះអនុស្សារណៈ ទី១ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា និងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វៀត ណាម។ ទី២-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ កម្ពុជា និងបណ្ឌិត្យសភាការទូត វៀតណាម។ និងទី៣-អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មវៀតណាម៕

Share.