អាជ្ញាធរថៃបាននិយាយថា ពួកគេបានរឹបអូសថ្នាំញៀនមេតំហ្វេតាមីនចំនួន ៥០លានគ្រាប់ នៅជិតព្រំដែនរបស់ប្រទេសជាមួយប្រទេសមីយ៉ាន់ម៉ា ដែលជាកំណត់ត្រាដ៏ច្រើនលើសលប់មួយសម្រាប់ថ្នាំញៀនប្រភេទមេតំហ្វេតាមីន នៅប្រទេសថៃ និងធំជាងគេ២នៅអាស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣។

មន្រ្តីប៉ូលិស និងទាហានថៃ កាលពីថ្ងៃអង្គារ បានស្ទាក់ចាប់រថយន្ដធន់ធំកង់៦ មួយគ្រឿង នៅឯប៉ុស្ដិ៍ត្រួតពិនិត្យសន្ដិសុខមួយកន្លែងក្នុងខេត្ត Kanchanaburi ភាគខាងលិច ដោយបានរកឃើញគ្រាប់ថ្នាំញៀនទាំងនេះ បង្កប់ក្នុងកាបូបដ៏ធំមួយនៅខាងក្រោយរថយន្ដ។ មន្រ្តីប៉ូលិស ​បាន​បន្ថែម​ថា បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ ​ដែល​ស្ថិត​ក្នុង​រថយន្តខាងលើ​ត្រូវ​បាន​ចាប់​ខ្លួនផងដែរ។

យោងតាមលោក Jeremy Douglas តំណាងការិយាល័យអង្គការសហប្រជាជាតិប្រឆាំងបទល្មើសគ្រឿងញៀន និងឧក្រិដ្ឋកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍ បាននិយាយថា ទាក់ទងនឹងការបង្ក្រាបគ្រឿងញៀននៅតំបន់អាស៊ី ការរឹបអូសនេះ គឺជាការរឹបអូសថ្នាំញៀនប្រភេទនេះធំស្ថិតនៅលំដាប់ទី២ ក្នុងចំណោមថ្នាំញៀនជាង ៥៥លានគ្រាប់ ដែលត្រូវបានរឹបអូសក្នុងប្រទេសឡាវ ក្បែរតំបន់ត្រីកោណមាសកាលពីឆ្នាំ២០២១។

លោក Douglas បន្ថែមថា ក្រុមឧក្រិដ្ឋកម្មនៅតំបន់អាស៊ី ធ្វើការជាមួយកងជីវពលប្រដាប់អាវុធជនជាតិភាគតិច ដើម្បីរត់ពន្ធមេតំហ្វេតាមីនដែលផលិតនៅរដ្ឋ Shan ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ឆ្ពោះទៅភាគខាងត្បូង ដោយបន្ថែមថា បណ្តាញចែកចាយបានទៅដល់ប្រទេសជប៉ុន និងនូវែលសេឡង់។

លោក បន្ថែមថា ការរឹបអូសដោយអាជ្ញាធរ មានផលប៉ះពាល់តិចតួចប៉ុណ្ណោះលើលំហូរនៃការរត់ពន្ធគ្រឿងញៀនខុសច្បាប់នៅក្នុងតំបន់ ដោយសារក្រុមឧក្រិដ្ឋកម្មកំពុងបង្កើនការផ្គត់ផ្គង់ និងកាត់បន្ថយតម្លៃថ្នាំញៀនប្រភេទមេតំហ្វេតាមីន។

ទាក់ទិននឹងបញ្ហានេះ តំណាងការិយាល័យអង្គការសហប្រជាជាតិប្រឆាំងបទល្មើសគ្រឿងញៀន និងឧក្រិដ្ឋកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍រូបនេះ បញ្ជាក់ថា ជម្លោះ និងភាពចលាចលក្នុងប្រទេស មីយ៉ាន់ម៉ា ចាប់តាំងពីឆ្នាំ២០២១មក បានផ្ដល់ឱកាស និងអនុញ្ញាតឱ្យក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនពង្រីកបណ្ដាញ និងប្រតិបត្តិការរត់ពន្ធគ្រឿងញៀន៕

ប្រភព៖ CNA

Share.