វៀតណាម៖ សារព័ត៌មានវៀតណាម(Viet Nam News)ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះថា ប្រទេសវៀតណាមមានបំណងគ្រោងនឹងសម្រេចឱ្យបានការប្រើប្រាស់ជីសរីរាង្គរហូតដល់ទៅ៥០% លើផ្ទៃដាំដុះសរុបទូទទាំងប្រទេសនៅត្រឹមឆ្នាំ២០៥០និងយ៉ាងហោចណាស់ ៨០% នៃទីក្រុង និងបណ្តាខេត្តនានាត្រូវបង្កើតគំរូកសិកម្មជីសរីរាង្គដែលជាផ្នែកមួយនៃខ្សែសង្វាក់តម្លៃសម្រាប់កសិផលសំខាន់ៗ។

ផែនការនេះស្ថិតក្នុងចំណោមគោលដៅដែលបានកំណត់ក្នុងគម្រោងលើកកម្ពស់ការផលិត និងការប្រើប្រាស់ជីសរីរាង្គរហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដែលត្រូវបានអនុម័តដោយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម(MARD)។

ធុរេនវៀតណាម។

ក្រសួងកសិកម្មវៀតណាមក៏មានគោលបំណងកសាងគំរូដាំដុះប្រកបដោយប្រសិទ្ធភាពដោយប្រើជីសរីរាង្គសម្រាប់ដំណាំសំខាន់ៗចំនួនប្រាំបួនរួមមាន ស្រូវ កាហ្វេ កៅស៊ូ ស្វាយចន្ទី ម្រេច តែ ដើមឈើហូបផ្លែ បន្លែ និងដំឡូងមី។

គោលដៅជាយុទ្ធសាស្រ្តរបស់ក្រសួងកសិកម្មវៀតណាមពេលនេះ ស្របពេលវៀតណាមមើលឃើញថា ការផលិត និងប្រើប្រាស់ជីសរីរាង្គលើផលិតផលកសិកម្ម គឺជានិន្នាការជៀសមិនរួចនៃវិស័យកសិកម្មរបស់វៀតណាមនាពេលអនាគត។ សម្រាប់វៀតណាម ផែនការនេះ ជាដំណោះស្រាយប្រកបដោយនិរន្តរភាពក្នុងការកាត់បន្ថយការប្រើប្រាស់គីមី និងការពឹងផ្អែកលើការនាំចូលជីពីបរទេស។

ទន្ទឹមផែនការជំរុញការប្រើប្រាស់ជីគីមីនេះ រដ្ឋាភិបាលវៀតណាមក៏នឹង​បង្កើត​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ការ​ចុះ​បញ្ជី និងផ្តល់​អាជ្ញាប័ណ្ណក្នុងការផលិត​ជីសរីរាង្គ ​ដោយ​លើក​ទឹកចិត្ត​ដល់​ការ​អភិវឌ្ឍ ការផលិត និង​ការប្រើប្រាស់​ជីសរីរាង្គ​ក្នុង​ចំណោម​គ្រួសារ​កសិករ ជាមួយ​កាកសំណល់ផ្ទះបាយ​ប្រចាំថ្ងៃផងដែរ។

គួររំលឹកថា កសិផលរបស់វៀតណាមជារឿយៗត្រូវបានបណ្តាប្រទេសនាំចូលនៅតំបន់អឺរ៉ុបបានត្អូញត្អែរពីការប្រើប្រាស់សារធាតុគីមីលើបន្លែនិងផ្លែឈើ។ ចំណែកកាលពីខែតុលាថ្មីៗនេះ ប្រទេសជប៉ុនបានសម្រេចកម្ទេចទុរេន និងម្ទេសវៀតណាម ក្រោយទីភ្នាក់ត្រួតពិនិត្យជំងឺរបស់ជប៉ុនរកឃើញសារធាតុគីមីលើសកម្រិតស្តង់ដារ។

ក្នុងនោះទុរេនវៀតណាមប្រមាណ១,៤តោន រកឃើញសារធាតុគីមី procymidone នៅកំហាប់០,០៣ppm ខណៈស្តង់ដារអនុញ្ញាតឲ្យនាំចូលរបស់ជប៉ុនមានត្រឹមតែ ០,០១ppm។ នេះជាសារធាតុគីមីនៅក្នុងថ្នាំសម្លាប់សត្វល្អិតដែលអាចសម្លាប់ពពួកផ្សិត ។

ចំណែក ម្ទេសទម្ងន់ជាង៤តោនត្រូវបានរកឃើញសារធាតុគីមីចំនួន៤ប្រភេទ ក្នុងនោះសារធាតុគីមី២ប្រភេទលើសស្តង់ដារនៃការអនុញ្ញាតនាំចូលដូចជា tricyclazole ០,២ppm និង hexaconazole ០,០៣ppm ខណៈពេលដែលស្តង់ដារអនុញ្ញាតគឺ ០,០១ppm ៕

ប្រភព៖VietNamNews

Share.