ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលមានឧត្តមសេនីយ៍ឯក ង៉េង ជួ​ ជាប្រធាន បានបញ្ជូនជនសង្ស័យ២នាក់ទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធករណីកាច់កម៉ូតូ។

ការឈានដល់ការចាប់ខ្លួននេះបន្ទាប់ពីសមត្ថកិច្ចចុះល្បាត ប្រទះឃើញមុខសញ្ញាសង្ស័យចំនួន០២នាក់ កំពុងធ្វើសកម្មភាពកាច់កម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JX-9143 ដែលជនរងគ្រោះបានចតនៅមុខអាគារម្តុំសួនច្បារវត្តបទុមវត្តី ផ្លូវលេខ២៤៦ កែងផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ភ្លាមនោះសមត្ថកិច្ចយើងបានធ្វើការឡោមព័ទ្ធ តែជនសង្ស័យបានដឹងខ្លួនហើយដកអាវុធខ្លីមួយដើម ពណ៌ស ម៉ាក LLama Max-II បាញ់មកលើសមត្ថកិច្ចយើងបណ្តាលឱ្យលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ រងរបួសត្រង់ភ្លៅខាងឆ្វេង ក្រោយពីបាញ់អស់គ្រាប់ជនសង្ស័យបានព្យាយាមរត់គេចខ្លួនតែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។

សមត្ថកិច្ចប្រគល់ម៉ូតូជូនជនរងគ្រោះវិញ។

ជនសង្ស័យ១.ឈ្មោះ ប្រឹង សំណល់ ហៅ រស់ ចាន់ធី ហៅ រស់ សារិន ហៅ ម៉ៅ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិយស ឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ២.ឈ្មោះ ធី សារឿន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិដូនទុង ឃុំព្រះនេត្រព្រះ ស្រុកមេសាង ខេត្តព្រៃវែង។

ក្រៅពីសកម្មភាពលួចកាច់ករម៉ូតូខាងលើនេះ ជនសង្ស័យធ្លាប់បានធ្វើសកម្មភាពលួច (កាច់កម៉ូតូ) បានសម្រេចចំនួន ០៥លើកទៀត នៅក្នុងភូមិសាស្រ្តខណ្ឌទួលគោក ០១លើក, ដូនពេញ ០១លើក, ច្បារអំពៅ ០១លើក និងខណ្ឌចំការមន ០២លើក ហើយម៉ូតូដែលលួចបានគឺយកទៅលក់ឲ្យបុរសម្នាក់នៅខេត្តតាកែវ។

បច្ចុបប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង និងវត្ថុតាងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់។ ដោយឡែក ម៉ូតូ២គ្រឿង ត្រូវបានប្រគល់ជូនជនរងគ្រោះវិញផងដែរ បន្ទាប់ពីផ្ទៀងផ្ទាត់ឯកសារត្រឹមត្រូវ៕

អត្ថបទ៖ចតុមុខ

Share.