ប្រមុខការពារជាតិកូរ៉េខាងត្បូងបានគំរាមកាលពីថ្ងៃពុធ សប្ដាហ៍នេះថា នឹងឱ្យកូរ៉េខាងជើងស្គាល់រស់ជាតិ «នរកនៃការបំផ្លិចបំផ្លាញ» ប្រសិនបើប្រទេសជិតខាងមួយនេះហ៊ានធ្វើសកម្មភាពគ្មានការគិតគូរ ឬ បង្កការធ្វេសប្រហែស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣។

ការប្រើវោហាសាស្ត្រ​ធ្ងន់ៗបែបនេះ ធ្វើឡើង​​បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​ បាន​និយាយ​កាល​ពី​ខែ​មុន​ អំពីការសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងយោធាឆ្នាំ២០១៨ ជាមួយកូរ៉េខាងត្បូង ដែលត្រូវបានបង្កើតឡើងដើម្បីបន្ធូរបន្ថយភាពតានតឹង។

ការសម្រេចរបស់​ក្រុង​ព្យុងយ៉ាង​ បាន​កើត​ឡើង​បន្ទាប់​ពី​កូរ៉េ​ខាង​ត្បូង​ បាន​និយាយ​ថា​ ខ្លួន​នឹង​ផ្អាក​ផ្នែកខ្លះ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ បន្ទាប់​ពី​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​ចារកម្ម​ដោយ​កូរ៉េ​ខាង​ជើង។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង បានដកស្រង់សម្តីប្រមុខការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik ថា «កូរ៉េខាងជើង មានជម្រើសតែ២ប៉ុណ្ណោះ គឺសន្តិភាព ឬការបំផ្លាញ។ ប្រសិនបើប្រទេសកូរ៉េខាងជើង ធ្វើសកម្មភាពគ្មានការពិចារណា ដែលប៉ះពាល់ដល់សុខសន្តិភាព នោះមានតែការបំផ្លាញខ្ទេចខ្ទីប៉ុណ្ណោះ ដែលនឹងរង់ចាំពួកគេ»។

ការកត់សម្គាល់នេះ ធ្វើឡើងអំឡុងកិច្ចប្រជុំនៃមេបញ្ជាការយោធាកំពូល បន្ទាប់ពីលោក Shin បានទៅត្រួតពិនិត្យទីបញ្ជាការកាំជ្រួចមីស៊ីលរបស់កូរ៉េខាងត្បូង ដែលលោកបាននិយាយថា «នឹងត្រូវទទួលភារកិច្ចវាយប្រហារបេះដូង និងក្បាលសត្រូវយ៉ាងសាហាវ ក្នុងករណីមានសង្រ្គាម»។

ដោយឡែកប្រទេសកូរ៉េខាងជើង ធ្លាប់បានអះអាងពីការការពារការអភិវឌ្ឍន៍មីស៊ីលបាលិស្ទិក និងអាវុធនុយក្លេអ៊ែររបស់ខ្លួនថា ជាការអនុវត្តសិទ្ធិអធិបតេយ្យភាព ដែលចាំបាច់ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន៕

ប្រភព៖ CNA

Share.