កណ្តាល ៖ រថយន្តហាយឡែនឌ័រ រត់តាក់សុីមួយគ្រឿង ខណៈដែលកំពុងបើកបរលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ស្រាប់តែឆ្លងប្រព័ន្ធភ្លើង ឆាបឆេះខ្មួលខ្មាញ់ អស់ស្ទើរទាំងស្រុង ម្ចាស់អ្នកបើកបរ និងភ្ញៀវម្នាក់ ចេញចេញទាន់ មិនមានរងរបួស ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅលើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រ១៤-១៥ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។

រថយន្តរងនូវអគ្គិភ័យឆាបឆេះ ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BA-4453 ជារថយន្តរត់ឈ្នួល ភ្នំពេញ-ក្រុងព្រះសីហនុ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តបានដឹកភ្ញៀវម្នាក់ បើកចេញពីផ្លូវកប់ស្រូវ មុខវត្តត្រពាំងឈូក ភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ប្រើប្រាស់ផ្លូវល្បឿនលឿន ពីកើតទៅលិច ទើបតែឆ្លងផុតបញ្ជរបង់ប្រាក់កំបូល គ្រាន់តែដល់ចំណុចកើតហេតុ ស្រាប់តែឆ្លងប្រព័ន្ធភ្លើង ឆាបឆេះសន្ធោសន្ធៅ ខ្មួលខ្មាញ់ ភ្លាមៗរថយន្តបានឈប់លើគន្លងសុវត្តិភាព ទាំងអ្នកបើកបរ ទាំងភ្ញៀវ នាំគ្នាចុះចាកចេញ ម្ចាស់ស្រែកទ្រហោយំ ។

ហេតុការណ៍កើតឡើងភ្លាមៗ ត្រូវបានកម្លាំងអន្តរាគមន៍របស់ក្រុមហ៊ុនផ្លូវល្បឿនលឿន រថយន្តពន្លត់អគ្គិភ័យ នាំគ្នាប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យផង បាញ់ទឹកផង ទើបភ្លើងរលត់ទៅវិញ រថយន្តត្រូវបានភ្លើងឆេះស្ទើរទាំងស្រុងទៅហើយ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.