រដ្ឋមន្ត្រី​ជប៉ុន​ចំនួន ​៤រូប បាន​ប្រជែងគ្នាដាក់លិខិតលាលែង​ពី​តំណែង​នាថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍នេះ ខណៈប្រជាប្រិយភាពរបស់​នាយករដ្ឋមន្ត្រី​ជប៉ុន ​លោក Fumio Kishida​ កំពុងធ្លាក់ចុះស្រាប់ ទាក់ទិននឹងរឿងអាស្រូវ​ពុករលួយ​ដ៏​ធំ​នៅក្នុង​បក្ស​កាន់អំណាច​។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣។

វិបត្តិនៅក្នុងជួរគណៈរដ្ឋមន្ត្រី កើតឡើងបន្ទាប់ពីការចោទប្រកាន់ថា បានទទួលសំណូកចំនួន ៥០០លានយ៉េន (ស្មើនឹង៣.៤លានដុល្លារអាមេរិក) នៅក្នុងគណបក្សប្រជាធិបតេយ្យសេរី អស់រយៈពេលជាច្រើនទសវត្សរ៍។

ចំពោះរដ្ឋមន្រ្តីដែលបានដាក់លិខិតលាលែងពីតំណែងទាំង៤រូប មានដូចជា៖ លោក Hirokazu Matsuno​ នាយខុទ្ទការល័យនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីសេដ្ឋកិច្ច និងឧស្សាហកម្ម លោក Yasutoshi Nishimura រដ្ឋមន្រ្តីមហាផ្ទៃ លោក Junji Suzuki និងរដ្ឋមន្រ្តីកសិកម្ម លោកស្រី Michiko Ueno ជាទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្រ្តី Kishida រួមទាំងអនុរដ្ឋមន្រ្តី ៥រូបផ្សេងទៀត ក៏បានសម្រេចចិត្តលាលែងពីតំណែងផងដែរ។

ទាក់ទិននឹងបញ្ហានេះ លោក Nishimura រដ្ឋមន្រ្តីមហាផ្ទៃ បានប្រាប់អ្នកយកព័ត៌មានថា «ការសង្ស័យរបស់សាធារណជន គឺនៅជុំវិញមូលនិធិនយោបាយ ដែលនាំឱ្យមានការមិនទុកចិត្តនៅក្នុងរដ្ឋាភិបាល។ នៅពេលដែលការស៊ើបអង្កេតកំពុងដំណើរការ ខ្ញុំគិតថា ខ្ញុំចង់រៀបចំរឿងឱ្យត្រឹមត្រូវ ហើយលោកនាយករដ្ឋមន្រ្តី Kishida នឹងខំប្រឹងស្ដារការជឿទុកចិត្តពីប្រជាជនឡើងវិញ»។

សូមជម្រាបថា បើតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ព្រះរដ្ឋអាជ្ញាត្រៀមនឹងចុះឆែកឆេរការិយាល័យ រួមទាំងចាប់ផ្តើមសាកសួរចម្លើយសមាជិកសភារាប់សិបនាក់នៅចុងសប្តាហ៍នេះផងដែរ៕

ប្រភព៖ CNA

Share.