បន្ទាយមានជ័យ៖ រថយន្តស៊េរីទំនើបមួយគ្រឿង បើកបុកជាម៉ូតូវ៉េវបណ្តាលឱ្យស្លាប់យុវជនម្នាក់ ភ្លាមៗអ្នកបើកបរចុះរត់គេចខ្លួនបាត់ ថែមទាំងបញ្ជូនសន្តិសុខមកយកកាំភ្លើងខ្លីចេញពីរថយន្តទៀត។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង០០.១០នាទី យប់ឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ មុខផ្លូវចូលវត្តស្ទឹងបត់ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

តាមប្រភពពីអ្នកឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុមានម៉ូតូម៉ាកវេវ មួយគ្រឿងពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយក្មេងប្រុសម្នាក់អាយុ១៤ទៅ១៥ឆ្នាំ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក  FORTING T5 EVO ( ហ្វតស៊ីង ធីហ្វាយ រីវ៉ូ) ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ2BS-6765 បើកបរពីកើតទៅលិចបញ្ជ្រាស់ទិសគ្នា ជ្រុលបុករុញម៉ូតូជនរងគ្រោះប្រហែល១០០ម៉ែត្រស្លាប់នៅនឹងកន្លែង ឯរថយន្តធ្លាក់ប្រឡាយផ្ញារជើង។

ក្រោយកើតហេតុ ស្រាប់តែមានមនុស្សមកជម្លៀសតៃកុងរថយន្តដែលសង្ស័យជាជនជាតិចិនបាត់ស្រមោល។ហើយបានបន្ទិចស្រាប់តែមានសន្តិសុខម្នាក់ ជិះម៉ូតូម៉ាកLambrella (ឡាំប្រេតា) មកយកកាំភ្លើងចេញពីក្នុងរថយន្តដែលក្រឡាប់ផ្ញើជើងនៅក្នុងប្រឡាយនោះ តែត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ចាប់ជាប់យកទៅសួរនាំ នៅបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។

បន្ទាប់ពីការសាកសួរ សន្តិសុខរូបនោះបញ្ជាក់ថា មេខ្លួនត្រូវជាប្អូនហ៊ាចាយ ហើយបានបញ្ជាឱ្យខ្លួនមកយកសម្ភារៈចេញពីក្នុងរថយន្ត ហើយខ្លួនបំរើការងារនៅក្រុមហ៊ុនសន្តិសុខការ៉េប្រាំបី (8888)។

បច្ចុប្បន្ន រថយន្ត និងម៉ូតូ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកបានស្ទូចយកទៅទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីស្រាវជា្រវរកតៃកុងរថយន្តនាំមកអនុវត្តតាមផ្លូវច្បាប់។ ចំណែកឯជនរងគ្រោះត្រូវបានក្រុមសង្គ្រោះបន្ទាន់ក្រុងប៉ោយប៉ែត ដឹកយកទៅតំកល់ទុកនៅវត្តប្រជាធម្ម ឬវត្តដីថ្មីដើម្បីរកសាច់ញាតិមកទទួល៕

អត្ថបទ៖ ប៉ោយប៉ែត

Share.