ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា រុស្ស៊ីនឹងបន្ដសង្រ្គាមរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន លុះត្រាតែទីក្រុងកៀវ ធ្វើកិច្ចព្រមព្រៀងដែលគិតគូរពីកង្វល់សន្ដិសុខរបស់ទីក្រុងម៉ូស្គូ ដោយលោកបន្ដថា ក្នុងករណីណាក៏ដោយ គោលដៅនៃ «ប្រតិបត្តិការយោធាពិសេស» នឹងសម្រេចគោលបំណងរបស់វា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣។

ដោយឆ្លើយសំណួររបស់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងព្រឹត្តិការណ៍មួយដែលដឹកនាំដោយសង្រ្គាម លោកពូទីន បានប្រកាសថា លោកនឹងស្វែងរកអាណត្តិប្រធានាធិបតីរយៈពេល ៦ឆ្នាំទៀតនៅក្នុងខែមីនា ដោយបាននិយាយថា គោលដៅដើមរបស់លោក នៅអ៊ុយក្រែនមិនផ្លាស់ប្តូរទេហើយថា កងកម្លាំងរុស្ស៊ីកំពុងកែលម្អជំហររបស់ខ្លួននៅលើសមរភូមិ។

មេដឹកនាំវ័យ ៧១ឆ្នាំរូបនេះបាននិយាយថា គោលដៅស្នូលរបស់រុស្ស៊ីនៅតែជាការបំផ្លិចបំផ្លាញរបបណាស៊ីនិយម «de-Nazification», «de-militarisation» និងរំសាយអាវុធរបស់អ៊ុយក្រែន។ លោក​បាន​បន្ត​ថា​៖ «​នឹង​មាន​សន្តិភាព​ នៅ​ពេល​យើង​សម្រេច​បាន​នូវ​គោលដៅ​របស់​យើង​។ ​ចំពោះ​ការ​រំសាយ​យោធា ប្រសិនបើ​ពួកគេ (អ៊ុយក្រែន) មិន​ចង់​ចុះ​កិច្ចព្រមព្រៀង​ទេ នោះ​យើង​ត្រូវ​បង្ខំ​ចិត្ត​ចាត់​វិធានការ​ផ្សេង​ទៀត រួម​ទាំង​យោធាផងដែរ»។

ទាក់ទិននឹងបញ្ហានេះ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេលិនស្គី បាននិយាយថា «ការចរចាជាមួយរុស្ស៊ី គឺមិនអាចទៅរួចទេ រហូតដល់ទាហានរុស្ស៊ីទាំងអស់ត្រូវបានបណ្តេញចេញពីទឹកដីអ៊ុយក្រែន ខណៈបច្ចុប្បន្នលោក កំពុងស្វែងរកជំនួយពីលោកខាងលិច បន្ថែមទៀតដើម្បីការពារប្រទេសរបស់លោក»។

លោកពូទីន បានចាត់ទុកខ្លួនឯងថា ជាបុរសត្រឹមត្រូវក្នុងការបន្តដឹកនាំប្រទេសរុស្ស៊ី តាមរយៈជម្លោះដែលលោកមើលឃើញថា ជាសារៈសំខាន់សម្រាប់ការរស់រានមានជីវិតរបស់រុស្ស៊ី ប៉ុន្តែអ្វីដែលទីក្រុងកៀវ និងសម្ព័ន្ធមិត្តលោកខាងលិច មើលឃើញថា ជាការដណ្តើមយកទឹកដីតាមបែបអាណានិគមដោយអយុត្តិធម៌។ លោក​បាន​និយាយ​ថា កងកម្លាំង​វរជន​អ៊ុយក្រែន​មួយ​ក្រុម​ដែល​បាន​ឆ្លង​ទន្លេ Dnipro ក្នុង​ប្រទេស​អ៊ុយក្រែន​កំពុង​ត្រូវ​បាន​គេ​ទុក​ចោល។ វិធីសាស្រ្តរបស់អ៊ុយក្រែនដូចជា កំពុងធ្វើដំណើរសុំទាន ដើម្បីទទួលបានជំនួយពីលោកខាងលិច ដូច្នោះឯង៕

ប្រភព៖ CNA

Share.