ភ្នំពេញ ៖ បុរសម្នាក់សង្ស័យផឹកស្រវឹង ដើរអុកឡុក ឈ្លោះរករឿងគេតាមផ្លូវ ទើបធ្វើឱ្យគេទ្រាំមិនបាន តបតវិញ បណ្តាលឱ្យរងរបួសពោរ បែករយះក្បាលច្រើនកន្លែង ដើរដួល ដេកសន្លប់ចិញ្ចើមផ្លូវ។ ជនរងគ្រោះត្រូវបានបងប្អូន ប្រជាពលរដ្ឋប្រទះឃើញកាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា បុរសរងគ្រោះខាងលើ មានអាយុជាង៤០ឆ្នាំ គេឃើញផឹកស្រវឹង ដើរឈ្លោះរករឿង អុកឡុកក្នុងមូលដ្ឋាន ញឹកញាប់ហើយ តែមិនដឹងថា ផ្ទះសម្បែង ស្នាក់នៅទីណានោះទេ សង្ស័យលើកនេះ ស្រវឹងឈ្លោះរករឿងគេ ទើបធ្វើឱ្យគេទ្រាំមិនបានតបតវិញ បណ្តាលឱ្យប៉ោង រយះក្បាល ស្នាមដោយកាំបិតច្រើនកន្លែង។

ពលរដ្ឋបន្តទៀតថា នៅព្រលឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ មិនដឹងថាជនរងគ្រោះ ដើរមកពីណា មានស្នាមរបួស កាប់រយះក្បាលហូរឈាមកក្លាក់ ដើរទៅដេកដួលត្រង់ចំណុចខាងលើ សន្លប់ស្តូក អ្នកខ្លះថាមានអ្នកកាប់ អ្នកខ្លះថាដើរដួលខ្លួនឯង ដោយឃើញសភាពមិនស្រួល រាយការណ៍ទៅអាជ្ញាធរឱ្យជួយអន្តរាគមន៍។

ជនរងគ្រោះក្រោយប្រទះឃើញដេកដួលសន្លប់ មានស្នាមរបួស ត្រូវបានអាជ្ញាធរមូលដ្ឋានហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ និងរាយការណ៍ទៅសមត្ថកិច្ច ដើម្បីឱ្យជួយស្រាវជ្រាវ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.