មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងបាននិយាយនៅថ្ងៃសុក្រ (ទី១៥ ខែធ្នូ) មុននឹងពិភាក្សាជាមួយមន្ត្រីសហរដ្ឋអាមេរិក ស្តីពីការឆ្លើយតបទៅនឹងការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ថា កូរ៉េខាងជើង អាចនឹងធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទិគអន្តរទ្វីប (ICBM) នៅក្នុងខែធ្នូ នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣។

លោក Kim Tae-hyo អនុទីប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូងបានបដិសេធមិនបញ្ជាក់លម្អិតពីមូលដ្ឋាននៃការសន្និដ្ឋានរបស់លោកនោះទេ ប៉ុន្តែបាននិយាយថា មីស៊ីលបាលិស្ទិគរបស់កូរ៉េខាងជើង គឺជាការផ្តោតសំខាន់លើការទប់ទល់នឹងយុទ្ធសាស្ត្រ «ការរារាំងបន្ថែម» របស់ទីក្រុងវ៉ាស៊ីនតោន។​​​​​

លោក Kim បានប្រាប់អ្នកយកព័ត៌មានថា «ការទប់ស្កាត់បន្ថែម គឺនិយាយអំពីការស្វែងរកមធ្យោបាយដើម្បីទម្លាក់ (ការវាយប្រហារនុយក្លេអ៊ែរ) ឱ្យបានឆាប់ និងជាការសម្រេចចិត្ត ហើយនៅក្នុងខែធ្នូ ខ្ញុំជឿថា កូរ៉េខាងជើងនឹងបាញ់បង្ហោះមីស៊ីលបាលិស្ទិគ ICBM ក្នុងខែធ្នូនេះ»។ លោក បន្ថែមថា កាំជ្រួចមីស៊ីលបាលិស្ទិគរបស់កូរ៉េខាងជើង គឺជាការគំរាមកំហែងនុយក្លេអ៊ែរ ដោយមិនគិតពីចម្ងាយរបស់ពួកគេឡើយ ព្រោះកូរ៉េខាងជើងអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ»។

កូរ៉េ​ខាងជើង​បាន​បង្កើត និង​សាកល្បង​កាំជ្រួច​បាលិស្ទិគជាច្រើន​គ្រាប់​ដែល​អាច​បាញ់​ដល់​គោលដៅ​នៅ​កូរ៉េខាងត្បូង ជប៉ុន និង​សហរដ្ឋអាមេរិក​ដីគោក​។ ក្រោមការដឹកនាំរបស់ប្រធានាធិបតីអភិរក្សនិយម លោក Yoon Suk Yeol កូរ៉េខាងត្បូង បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងការការពាររបស់ខ្លួនប្រឆាំងនឹងកូរ៉េខាងជើង ដោយផ្តោតលើការប្រើប្រាស់ទ្រព្យសម្បត្តិយោធាជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក រួមទាំងអាវុធនុយក្លេអ៊ែរ ក្នុងករណីមានសង្រ្គាម។

សូមជម្រាបថា កាលពីខែកក្កដា កន្លងទៅ កូរ៉េខាងជើង បានអះអាងពីជោគជ័យក្នុងការធ្វើតេស្តបាញ់មីស៊ីល ICBM មួយគ្រាប់ប្រើឥន្ធនៈរឹង ដោយមីស៊ីលនេះហោះបានរយៈកម្ពស់ ៦,៦៤៨គីឡូម៉ែត្រ មុននឹងធ្លាក់ចូលសមុទ្រភាគខាងកើតនៃតំបន់ឧបទ្វីបកូរ៉េ។ លើសពីនេះទៅទៀត កាលពីខែវិច្ឆិកា ឆ្នាំនេះ ទីក្រុងព្យុងយ៉ាង ក៏បានអះអាងផងដែរពីការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ដំបូងបំផុតរបស់ខ្លួន យកទៅដាក់នៅគន្លងផែនដី ប្រកបដោយជោគជ័យ ខណៈសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ថ្កោលទោសយ៉ាងខ្លាំងដោយចោទថាទីក្រុងព្យុងយ៉ាង ប្រើប្រាស់បច្ចេកវិទ្យាមីស៊ីល បាលិស្ទីគដែលត្រូវបានហាមឃាត់៕

ប្រភព៖ CNA

Share.