នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសកាលពីថ្ងៃពុធ ថា ប្រទេសម៉ាឡេស៊ី នឹងមិនអនុញ្ញាតឱ្យកប៉ាល់ណាដែលមានទង់ជាតិអ៊ីស្រាអ៊ែល ដែលធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលចូលចត ឬផ្ទុកទំនិញនៅឯកំពង់ផែរបស់ខ្លួននោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT នាថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣។

លោកបានបន្ថែមថា ការហាមប្រាមនេះត្រូវបានអនុវត្តនៅក្នុងការតវ៉ាប្រឆាំងនឹង «អំពើឃោរឃៅ និងការសម្លាប់រង្គាល» របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។

ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ បានបើកកំពង់ផែរបស់ខ្លួនចំពោះក្រុមហ៊ុន ZIM Integrated Shipping Solutions ដែលមានមូលដ្ឋាននៅអ៊ីស្រាអែលក្នុងឆ្នាំ២០០២ ប៉ុន្តែពេលនេះបានជ្រើសរើសបដិសេធការសម្រេចចិត្តនោះ។

លោក Anwar បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ទណ្ឌកម្មទាំងនេះគឺជាការឆ្លើយតបទៅនឹងសកម្មភាពរបស់អ៊ីស្រាអែល ដោយមិនអើពើចំពោះគោលការណ៍ជាមូលដ្ឋាននៃមនុស្សជាតិ និងការបំពានច្បាប់អន្តរជាតិតាមរយៈការបន្តការសម្លាប់រង្គាល និងអំពើឃោរឃៅប្រឆាំងនឹងជនជាតិប៉ាឡេស្ទីន»។

សាសនាអ៊ីស្លាមនិកាយស៊ុននី គឺជាសាសនារដ្ឋរបស់ប្រទេសម៉ាឡេស៊ី ដែលានការប្រណិប័តន៍ដោយប្រជាជនជិតពីរភាគបីរបស់ខ្លួន ហើយរដ្ឋាភិបាលទីក្រុងគួឡាឡាំពួ គឺជាអ្នកគាំទ្រប៉ាឡេស្ទីន យ៉ាងស្មោះស្ម័គ្រ ថែមទាំងរក្សាចំណងទាក់ទងជាមួយក្រុមហាម៉ាសទៀតផង។

យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ទណ្ឌកម្មរបស់ម៉ាឡេស៊ី គ្រាន់តែរឿងមួយឡែកប៉ុណ្ណោះ ហើយបញ្ហាកាន់តែធំនោះគឺថា ក្រុមឧទ្ទាមហ៊ូធី (Houthis) របស់ប្រទេសយេម៉ែន បានរារាំងការដឹកជញ្ជូននៅសមុទ្រក្រហម ចំពោះកប៉ាល់ទាំងឡាយណាដែល តម្រង់គោលដៅទៅកាន់កំពង់ផែអ៊ីស្រាអែល។

កាលពីដើមសប្តាហ៍នេះ សហរដ្ឋអាមេរិកបានប្រកាសថា កងនាវាចរពហុជាតិសាសន៍នឹងចាប់ផ្ដើមធ្វើប្រតិបត្តិការ ដើម្បីធានាផ្លូវសមុទ្រឱ្យមានសុវត្ថិភាព ប៉ុន្តែក្រុមឧទ្ទាមហ៊ូធី (Houthi) បាននិយាយថា គ្មានអ្វីនឹងរារាំងពួកគេពីប្រតិបត្តិការស្របច្បាប់ក្នុងការគាំទ្រតំបន់ហ្គាហ្សា នោះទេ។

គួររំលឹកថា អ៊ីស្រាអែល​បាន​ប្រកាស​សង្គ្រាម​លើ​ក្រុម​ហាម៉ាស​ បន្ទាប់​ពី​ការ​វាយ​ប្រហារ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​កាលពីថ្ងៃ​ទី៧ ខែ​តុលា របស់​ក្រុម​សកម្មប្រយុទ្ធ ដែល​ក្នុង​នោះ​ប្រជាជន​អ៊ីស្រាអែល​ប្រមាណ ១,២០០នាក់​ត្រូវ​បាន​សម្លាប់។ ចាប់តាំងពីពេលនោះមក ការឆ្លើយតបរបស់អ៊ីស្រាអែល បានបណ្តាលឱ្យមានការស្លាប់របស់ជនជាតិប៉ាឡេស្ទីនជាង ២០,០០០នាក់នៅក្នុងតំបន់ហ្គាហ្សា នេះបើយោងតាមក្រសួងសុខាភិបាលក្នុងតំបន់នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣៕

ប្រភព៖ RT

Share.