សិល្បៈជាតិ៖ ជា​ស្ថិតិ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​វិស័យ​ភាពយន្ត​ខ្មែរ​ដែល​ឈាន​ជើង​ចូល​ទីផ្សារ​ភាពយន្ត​នៅ​អាស៊ីអាគ្នេយ៍ និង អឺរ៉ុប គឺ​រឿង «កំណើត​អរូប» ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការនាំ​ចេញទៅ​ចាក់​បញ្ចាំង​នៅ​រោងភាពយន្តលំដាប់ៗដល់​ទៅ ១៥ ប្រទេសធំ។

អ្នកនិពន្ធ និង​ដឹកនាំ​រឿង លោក សែម វិសាល បាន​ថ្លែង​ឱ្យដឹង​ក្នុង​អង្គពិធី​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការផ្សព្វផ្សាយ​នៅ​អន្តរជាតិ​អំពី​ខ្សែភាពយន្ត «កំណើត​អរូប» នៅ​ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៣ ថា នេះ​គឺជា​ដំណឹង​មួយ​ដ៏​ល្អ​សម្រាប់​វិស័យ​ភាពយន្ត​របស់​កម្ពុជា​យើង ដែល​កំពុង​ត្រូវប៉ាន់​ពី​ខាង​ទីផ្សារ​ភាពយន្ត​ក្រៅ​ស្រុក។ ជាពិសេស​ផលិតកម្ម Wonder Film Entertainment ដែលជា​អ្នកបើក​ទំព័រ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ភាពយន្ត​កម្ពុជា​ឆ្ពោះទៅកាន់​អន្តរជាតិ​យ៉ាងច្រើន​ប្រទេស។ ​ដូច្នេះហើយក៏​ជា​លើកទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​វិស័យ​ភាពយន្ត​ខ្មែរ ដែល​ឈាន​ជើង​ចូល​ទីផ្សារ​អឺរ៉ុប ជាពិសេស​បញ្ចាំង​ផ្លូវការ​សុទ្ធតែ​រោងភាពយន្តលំដាប់ៗនៅ​ទីនោះ។

លោក​បន្តថា ចក្ខុវិស័យ​របស់​ផលិតកម្ម Wonder Film Entertainment គឺ​ចង់​ពាំនាំ​ខ្សែភាពយន្ត​ខ្មែរ ពោរពេញ​ដោយ​គុណភាព​ពិតប្រាកដ​និង​បន្តបន្ទាប់ ដើម្បី​ចូលរួម​លើក​កំពស់​និង​ផ្សព្វផ្សាយ​វិស័យ​វប្បធម៌ តំបន់​ទេសចរណ៍ ប្រពៃណី អរិយធម៌ ប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ សាសនា ដ៏សម្បូរបែប​និង​បុរាណជាយូរលង់សមនឹង​កិត្តិនាម​របស់​កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយៈ។

រឿង «កំណើត​អរូប» បានចាប់ផ្តើម​ចាក់​បញ្ចាំ​ង​នៅ​គ្រប់​រោងភាពយន្ត​នៅ​ប្រទេស​កម្ពុជា កាលពីដើម​ខែមេសា ឆ្នាំ២០២៣ ដោយ​ទទួលបាន​ការគាំទ្រ​ខ្លាំង​យ៉ាង​មិន​នឹកស្មាន​ដល់​ពី​អ្នក​និយម​ចូលចិត្ត​មើល​រឿង​ប្រភេទ​រន្ធត់ ឬ​លងបន្លាច ក្នុង​រយៈពេល​មួយ​ដ៏​ខ្លី រហូតដល់​មានការ​ចាប់អារម្មណ៍​ពី​ប្រទេសជិតខាង​ដូចជា​ឡាវ និង​ថៃ ជាដើម។ សាច់រឿង​ដ៏​ប្លែក​មួយ​នេះ នឹងធ្វើ​ដំណើរ #GOINTERNATIONAL ទៅ​បណ្តា​ប្រទេស​ទាំង ១៥ លើ​សកលលោក​ក្នុងពេលឆាប់ៗនេះ។ ហើយ​មិន​ត្រឹមតែ ១៥ ប្រទេស​លើ​ទីផ្សារ​អាស៊ី និង​អឺរ៉ុប​នោះទេ ព្រមទាំង​បញ្ជាក់​ផ្លូវការ​បន្ថែម​ប្រមាណ​ជិត ២០ ប្រទេស​ទៀត ក្រោយ​បញ្ចាំង​តាម​បណ្ដា​រោងភាពយន្ត​អន្តរជាតិ​រួចរាល់ នឹងមាន​ដាក់ឱ្យ​ទស្សនា​ក្នុង platform online ធំៗប្រមាណ​ជិត ២០០ ប្រទេស​ទៀតផង។

សូមជម្រាបថា  រឹតតែ​ពិសេស​ជាងនេះទៀត​នោះ ខ្សែភាពយន្ត​ថ្មី​របស់ Wonder Film នឹង​កាន់តែ​អស្ចារ្យ​បន្ថែមទៀត ទាំង​បច្ចេកទេស និង​គុណភាព​លំដាប់​អន្តរជាតិ ដែល​នឹង​ចេញ​ជា​ផ្លូវការ​ចាប់ពី ពាក់កណ្ដាល​ឆ្នាំ២០២៤ខាងមុខនេះ​តទៅ៕

Share.