សិល្បៈជាតិ៖ ថ្មីៗនេះ កំពូល​តារា​ជើងចាស់​ម្ចាស់​រហស្សនាម តារា​ទឹកភ្នែក អ្នកនាង ច័ន្ទ តារា​ទី បានបង្ហាញ​អារម្មណ៍​ហួសចិត្ត​ផង ឆ្អែត​ចិត្ត​ផង និង​រអា​ផង ចំពោះ​តារា​សិល្បៈ​មួយចំនួន​ដែល​បង្ហាញ​ពី​ភាព​បក្សពួកនិយម និង​ចូលចិត្ត​អែបអប មាន​ខ្សែ មាន​បក្សពួក តោង​អ្នក​ដែលមាន​មុខមាត់​ដើម្បី​លាភសក្ការៈ​របស់ខ្លួន ដែលជា​ទង្វើ​មួយ​ត្រូវបាន​អ្នកសិល្បៈ​ជើងចាស់​រូបនេះ​សម្លឹង​ឃើញ និង​ចាត់ទុកថា​មិន​គួរឱ្យ​កើតមានឡើង​ក្នុងសង្គម​សិល្បៈ​នោះឡើយ។

វីដេអូ​ឃ្លី​ប​ខ្លី​មួយ​ដកស្រង់​សម្ដី​របស់​អ្នកនាង ច័ន្ទ តារា​ទី ត្រូវបាន​បង្ហោះ​ឡើង​ដោយ​តារា​សម្ដែង​ប្រុស សា​វិ​ន ហ្វី​លី​ព ដោយ​ក្នុង​វីដេអូ​នោះ​គឺ អ្នក​ទាំងពីរ​បាន​អង្គុយ​ជជែក​វែកញែក​គ្នា​អំពី​អត្តចរិត​លក្ខណៈ​តារា​សិល្បៈ​នាពេល​បច្ចុប្បន្ននេះ ដែលមាន​មួយចំនួនធំ​មិនសូវ​ជា​ឱ្យ​តម្លៃ​ទៅលើ​ការ​រាប់អាន​គ្នា​ដោយ​សណ្ដាន​ចិត្ត  តែ​ភាគច្រើន​គឺ​បង្ហាញ​ពី​ការ​រាប់អាន​គ្នា​បែប​ហុតទឹកសម្លឹងកាក គិត​ផលប្រយោជន៍​សួន​បុគ្គល​ជាធំ។ កំពូល​តារា​ទឹកភ្នែក​រូ​ប​នេះ បាន​ព្រលយ​សម្ដី​ក្នុងន័យ​អន់ចិត្ត ដល់​ថ្នាក់​លែង​ចង់​បន្ត​មានឈ្មោះ​ជាតា​រា​សិល្បៈ​ទៅមុខទៀត ព្រោះតែ​ផល​តបស្នង​ដែល​ទទួលបាន​គឺ​មិន​សម​នឹង​កិត្តិនាម ដោយបាន​លើក​ឧទាហរណ៍​ករណី​ការទទួល​អនិច្ចកម្ម លោក ពេជ្រ ភីរុណ ដែល​អ្នកសិល្បៈ​រួម​ជំនាន់ ពេល​ស្លាប់ទៅ​បែរជា​ស្ងាត់បាត់​មិនមាន​វត្តមាន​អ្នកសិល្បៈ​ណា​ទៅ​ចូលរួម​ពិធីបុណ្យ​ឱ្យ​គគ្រឹកគគ្រេង​ទាល់តែសោះ។

សូមជម្រាបថា អ្នកនាង ចាន់ តារា​ទី គឺជា​តារា​សម្តែង​ដ៏​មាន​ទេពកោសល្យ និង ទទួលបាន​ការគាំទ្រ​មួយរូប​តាំងពី​ជំនាន់​ទស្សវត្សរ៍ ឆ្នាំ ៨០ជាង ហើយ​បើទោះបី​សព្វថ្ងៃនេះ​មិត្ត​រួម​ជំនាន់​ស្និទ្ធស្នាល​ជាច្រើនរូប​បានសម្រេច​ចិត្ត​ចេញពី​អាជីព​សិល្បៈ​ក្តី ប៉ុន្តែ​តួឯក​ស្រី​តារា​ទឹកភ្នែក​រូបនេះ នៅតែ​ប្រឡូក​អាជីព​សិល្បៈ​នេះ​ដដែល។ ក្នុង​ចង្កោម​សិល្បៈ គ្រប់គ្នា​បានចាត់ទុក​អ្នកនាង​ជាតា​រា​រៀមច្បង និង ជា​សិល្បការ​នី​ផ្នែក​សម្ដែង​គំរូ​មួយ​សម្រាប់​ពន្លក​តារា​ជំនាន់​ក្រោយ។ ហើយ​សព្វថ្ងៃនេះ អ្នកនាង ច័ន្ទ តារា​ទី មិនសូវមាន​សកម្មភាព​សិល្បៈ​នោះទេ ដោយ​យក​ពេលវេលា​មើលថែទាំ​ម្ដាយ​កំពុង​ឈឺ​វ័យ ៩៣ ឆ្នាំ និង​បាន​បើក​ភោ​ជ្ជ​នី​យ​ដ្ឋា​ន​ផ្ទាល់ខ្លួន​ឈ្មោះ​ហាង ច័ន្ទ តារា​ទី៕

ដើម្បីជាក់ច្បាស់ពីការលើកឡើង​របស់​អ្នកនាង ច័ន្ទ តារា​ទី សម្ភាស​ឆ្លើយឆ្លង​ជាមួយ​លោក សា​វិ​ន ហ្វី​លី​ព ពី​បញ្ហា​នេះ សូមទស្សនាវីដេអូព័ត៌មានខាងក្រោមនេះ៖

Share.