សិល្បៈជាតិ៖ ថ្មីៗនេះ អតីត​តារាចម្រៀង​ល្បីឈ្មោះ​ម្នាក់​គឺ​អ្នកនាង គង់ បុប្ផា បានចេញ​មុខ Live នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​លាតត្រដាង​រឿងរ៉ាវ​ឈឺចាប់​រហូត​សម្រក់​ទឹកភ្នែក​ចេញមក​ប្រ៉ាវៗ ក្រោយ​ត្រូវ​ស្វាមី​គំរាមកំហែង​លែងលះ និង​គំរាម​ដល់​អាយុជីវិត​ម្ដាយ​នៅ​ស្រុក​ខ្មែរ ព្រោះ​ចង់​ក្ដោប​ទ្រព្យ​តែឯង។

តារាចម្រៀង​ស្រី​រូបនេះ ក្ដៅចិត្ត​ខ្លាំងណាស់​រហូត​មិន​ខ្វល់​ពី​ភាពអាម៉ាស់​ដោយសារ​លាត​ត្រដាង​រឿងអាស្រូវ​របស់ខ្លួន​និង​ស្វាមី​ឱ្យ​មហាជន​បានដឹង​នោះទេ។ ប៉ុន្តែ​អ្នកនាង គង់ បុប្ផា ហ៊ាន​លើកដៃ​ចង្អុល​មេឃ​និយាយ​អះអាង​ផ្ទាល់មាត់​ថា អ្នកនាង​ហ៊ាន​ប្ដូរជីវិត​ប្រសិនបើ​ស្វាមី​អ្នកនាង​នៅ​មិន​ញញើត ហើយ​នៅតែ​ប៉ះពាល់​បំពានដល់​ម្ដាយ​របស់ខ្លួន​ដែល​កំពុង​រស់នៅ​ស្រុក​ខ្មែរ​មិនឱ្យ​បាន​សុខ ។ បើទោះបីជា​ស្វាមី​អ្នកនាង​គំរាម​យ៉ាងណាក៏ដោយ ក៏​អ្នកនាង​សុខចិត្ត​ប្រើ​ផ្លូវច្បាប់​ដើម្បី​តទល់​រក​យុត្តិធម៌​ឱ្យ​ខ្លួន​និងកូន ព្រមទាំងការពារម្ដាយដែលកំពុងមានជំងឺសតិអារម្មណ៍។

យ៉ាងណាមិញ​បើ​ងាក​ទៅតាម​ដាន​ភាគី​ស្វាមី​របស់​អ្នកនាង គង់ បុប្ផា ដែលជា​បុរស​អនិកជន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​មិនបាន​ចេញមក​តបត​ឬ​ប្រតិកម្ម​ចំពោះ​ការ​ចេញមក​ទម្លាយ​រប​ស់​អ្នកនាង​នោះឡើយ ចំណែក​ក្រុមគ្រួសារ​ឬ​សាច់ញាតិ​ក៏​នៅ​ស្ងប់ស្ងៀម​ដូចគ្នា។ អ្នកសារព័ត៌មាន​ត្រយង​បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​លោក​ដើម្បី​ស្រាយ​បំភ្លឺ​ជុំវិញ​ករណីនេះ តែ​មិនអាច​ទំនាក់ទំនង​បាន។

សូម​រំលឹក​ដែរ​ថា បើ​គិត​រហូត​មកទល់ពេលនេះ​អ្នកនាង គង់ បុប្ផា បាន​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​រយៈពេល​ជាង ២០ ឆ្នាំ​មកហើយ ដោយបាន​ទៅ​រស់​នៅលើ​ទឹកដី​សហរ​ដ្ឋ​អាមេរិក​ជាមួយ​ស្វាមី និង​មានកូន​ប្រុស​ស្រី​ចំនួន ៤ នាក់។ ដោយឡែក​គេ​ក៏​ឧស្សាហ៍​ឃើញ​តារាចម្រៀង​ស្រី​រូបនេះ​ឡើង​ចុះមក​ស្រុកកំណើត​ម្ដងម្កាល និង​ឃើញ​អ្នកនាង​កាន់​ក្បាល​មេក្រូ​ច្រៀងម្ដងៗនៅពេល​មាន​ពិធី​បុណ្យទាន​ផ្សេង​ដូចជា កម្មវិធី​ចូលឆ្នាំ​ខ្មែរ កម្មវិធី​ភ្ជុំបិណ្ឌ ប្រជាជន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​បាន​ប្រារព្ធ​ធ្វើឡើង។ សព្វថ្ងៃនេះ ក្រៅពី​ចិញ្ចឹម​កូនប្រុស​ស្រី ៤ នាក់​នៅក្នុង​បន្ទុក គេ​ក៏​បានឃើញ​អ្នកនាង គង់ បុប្ផា លក់​អីវ៉ាន់​នៅលើ​អន​ឡា​ញន៍​ផងដែរ៕

Share.