នៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ក្លិបបាល់ទាត់បឹងកេត បានប្រកាសបន្តកិច្ចសន្យាថ្មីជូនកីឡាករ ម៉ាត់ នូរុណ ២ឆ្នាំបន្ថែមទៀតរហូតដល់ឆ្នាំ ២០២៦។

កាលពីពេលថ្មីខ្សែប្រយុទ្ធ ម៉ាត់ នូរុណ របស់បឹងកេត ត្រូវបានជ្រើសរើសជាម្ចាស់ពានកីឡាករឆ្នើមប្រចាំខែវិច្ឆិកា (CAMBODIAN PREMIER LEAGUE MVP OF THE MONTH) ដោយទទួលបានរង្វាន់ម៉ូតូថ្មីស្រឡាងពីក្រុមហ៊ុន Suzuki ក្នុងក្របខណ្ឌពានរង្វាន់លីគកំពូលកម្ពុជា។

ម៉ាត់ នូរុណ ជាកីឡាករខ្មែរដំបូងគេឈ្នះពានកីឡាករឆ្នើមប្រចាំខែនៅលីគកំពូលកម្ពុជា ស្របពេលដែល​ខ្សែប្រយុទ្ធជនជាតិកាណាដា Marcus Haber របស់ព្រះខ័នរាជស្វាយរៀង ឈ្នះពានកីឡាករ​ល្អ​ប្រចាំ​ការប្រកួតប្រចាំប្រចាំខែ ២លើកជាប់គឺខែ សីហា និងកញ្ញា ខណ:កីឡាករ COULIBALY ABDEL KADER របស់ ISI ដង្កោសែនជ័យ ឈ្នះប្រចាំខែតុលា។

ក្រៅពីនេះកីឡាករ ម៉ាត់ នូរុណ របស់បឹងកេត កំពុងឈរជាកីឡាករខ្មែរ ដែលអាចរកគ្រាប់បាល់បានច្រើនជាងគេ Top Scorers គិតត្រឹមសប្តាហ៍ទី១៥ នៅលីគកំពូលកម្ពុជា ស្មើគ្នាជាមួយ ផាន សុផេន របស់ព្រៃវែង ៧គ្រាប់ដូចគ្នា។

សម្រាប់នៅក្រុមជម្រើសជាតិកម្ពុជា ម៉ាត់ នូរុណ ក៏ស្ថិតក្នុងបញ្ជីឈ្មោះកីឡាករសរុប ២៤នាក់ ដែលលោក Felix Dalmas បានកោះហៅត្រៀមប្រកួតជាមួយក្រុមជម្រើសជាតិកាតា សាកល្បងសមត្ថភាពអន្តរជាតិ (Close Door Training Match – ប្រកួតបិទទ្វារ) នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅរាជធានីដូហា ប្រទេសកាតា៕

Share.