ខ្សែការពារ ជា ច័ន្ទដារ៉ា របស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ស្ថិតក្នុងបញ្ជីឈ្មោះកីឡាករសរុប ២៤នាក់ ដែលលោក Felix Dalmas បានកោះហៅត្រៀមប្រកួតជាមួយក្រុមជម្រើសជាតិកាតា លក្ខណ:សាកល្បងសមត្ថភាពអន្តរជាតិ (Close Door Training Match – ប្រកួតបិទទ្វារ) នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅរាជធានីដូហា ប្រទេសកាតា។

ក្រោយហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជា ជា ច័ន្ទដារ៉ា បានថ្លែងថា៖‍«Dream Come True – សុ​បិ​ន្ត​ក្លាយជា​ការពិត, ខិតខំព្យាយាមកែប្រែចំណុចខ្វះខាតបន្ថែមទៀត»។ ជាពិសេសរូបគេបន្តទៀតថា៖«ម៉ែអើយកូនបានពាក់អាវនេះម្តងទៀតហើយ»។

ជា ច័ន្ទដារ៉ា បានចូលរួមជាមួយក្រុមថ្នាលយុវជនភ្នំពេញក្រោន នៅចុងឆ្នាំ ២០១៤ និងបានជាប់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំ ទៅចូលរួមការប្រកួតពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ ២០១៦ នៅប្រទេសវៀតណាម ឬ AFF U19 Championship 2016។ ក្រោយវិលពីពានរង្វាន់អន្តរជាតិខាងលើ រូបគេត្រូវបានដំឡើងចូលក្រុមឈុតធំរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ក្នុងរដូវកាល ២០១៧

ជារឿងគួរឱ្យសោកស្ដាយ ចាប់តាំងពីឆ្នាំ ២០១៧ ជា ច័ន្ទដារ៉ា តែងតែជួបបញ្ហារបួសម្ដងហើយម្ដងទៀត ជាពិសេសទាក់ទងទៅនឹងជង្គង់ ACL។ សូម្បីតែរូបគេផ្ទាល់ក៏ហួសចិត្តនឹកស្មានមិនដល់ដូចគ្នា លុះក្រោយមករូបគេបានប្រកាសដកខ្លួនពីបាល់ទាត់កម្រិតអាជីពមួយរយៈ ដើម្បីទុកពេលថែរក្សាកាយសម្បទារបស់ខ្លួនឲ្យជា១០០ភាគរយឡើងវិញ បន្ទាប់ពីមានបញ្ហារបួសជង្គង់ច្រើនលើកច្រើនសា។

ក្រោយចែកផ្លូវគ្នាជាមួយភ្នំពេញក្រោននៅឆ្នាំ ២០២០ ច្រើនខែមកកីឡាករដែលមានដើមកំណើតនៅខេត្តបាត់ដំបងរូបនេះ បានចូលរួមជាមួយក្រុមសូហ្វីយ៉ាប៉ៃលិន ក្នុងនាមជាគ្រូបង្ហាត់យុវជនផង និងឆ្លៀតហ្វឹកហាត់រក្សាកម្លាំងខ្លួនឯងផង។

ជា ច័ន្ទដារ៉ា បានចូលរួមជាមួយសូលទីឡូអង្គរ ក្នុងជើងទី២ រដូវកាល ២០២១។ កន្លងមក គេបានរងរបួសច្រើនលើកច្រើនសា ហើយក៏ធ្លាប់ត្រូវបានលោក គង់ សាវង្ស ប្រធានក្លិបបាត់ដំបងអេហ្វស៊ី និងជាវេជ្ជបណ្ឌិតឆ្អឹង ជួយព្យាបាលដោយឥតគិតថ្លៃផងដែរ។ មុនផ្លាស់ទៅចូលរួមជាមួយ ISI ដង្កោសែនជ័យ នៅដើមឆ្នាំ ២០២៣ និងចុងក្រោយចូលរួមជាមួយណាហ្គាវើលដ៍ បង្ហាញខ្លួនស្ទើគ្រប់ការប្រកួតរហូតជាប់ជម្រើសជាតិ៕

Share.