ទីបំផុតអ្នកចាំទី អ៊ុំ សេរីរ័ត្ន បង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងសារថ្មីក្នុងជំនួប Tiffy Army ចាញ់ភ្នំពេញក្រោន ៣-០ នៅកីឡដ្ឋានស្តាតចាស់ សប្តាហ៍ទី១២ នៅលីគកំពូលកម្ពុជា កាលពីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ក្រោយខកខានជិត៣ឆ្នាំ ប្រើពេលសរុប១០០៤ថ្ងៃ។

ដោយឡែកប្រកួតទី២ អ៊ុំ សេរីរ័ត្ន បង្ហាញខ្លួនលើកទី២ ជួយឱ្យ Tiffy Army ស្មើជាមួយបឹងកេត ០-០ ព្រមទាំងជាប់កីឡាករល្អប្រចាំការប្រកួត Man of the Month ក្រោយសង្រ្គោះបាល់បានច្រើន កាលពីថ្ងៃទី២៣ ខែធ្នូ។

ស្របពេលកាលពីថ្ងៃទី២៧ ខែធ្នូ ក្រុមហ៊ុន Cambodian Premier League បានប្រកាសបេក្ខភាពកីឡាករឆ្នើមប្រចាំខែធ្នូ ឆ្នាំ២០២៣ សរុប៨នាក់ ក្នុងនោះក៏មានអ្នកចាំទី អ៊ុំ សេរីរ័ត្ន ផងដែរ។

បេក្ខភាពកីឡាករឆ្នើមប្រចាំខែធ្នូ៖

គួរដឹងថាអ្នកចាំទី អ៊ុំ សេរីរ័ត្ន ចាប់ផ្ដើមមានបញ្ហារបួសសរសៃជង្គង់ MCL នៅឆ្នាំ ២០១៨ ហើយក៏បានចេញទៅព្យាបាលនៅប្រទេសវៀតណាម ដោយត្រូវសម្រាករយៈពេលជាង១០ខែ។

របួសរហែកសរសៃជង្គង់ របស់ អ៊ុំ សេរីរ័ត្ន កើតមានឡើងក្រោយប្រកួតលីគកំពូលកម្ពុជា ក្នុងជុំ១ ហើយការដែលដឹងថាមានរបួសនេះ ដោយ​សារ​សេរីរ័ត្ន យល់ថាជើងស្ដាំរបស់ខ្លួនមិនល្អដូចដើម។ ក្រោយឆ្លុះមើលទើបដឹងថារហែកសរសៃជង្គង់។

បន្ទាប់ពីរបួសជាសះស្បើយ អ៊ុំ សេរីរ័ត្ន បានចូលលេងឡើងវិញនៅចុងឆ្នាំ ២០១៩។ លុះលីគកំពូលកម្ពុជាដំណើរការនៅឆ្នាំ ២០២០ រូបគេបង្ហាញខ្លួនបានតែ៣ប្រកួតបុណ្ណោះ ក៏​របួសសរសៃម្តងទៀត តែមិនអាច​ទៅព្យាបាលនៅក្រៅប្រទេសបានទេ ដោយសារការផ្ទុះនៃជំងឺកូវីដ-១៩។ វិបត្តិនេះធ្វើឱ្យគេសម្រេច​ព្យាបាលនៅក្នុងប្រទេសកម្ពុជា ហើយនេះគឺជាលើកទី២ វះកាត់របួសសរសៃជង្គង់។

អ៊ុំ សេរីរ័ត្ន ធ្លាប់លើកឡើង​ថា ៖«ទោះបីខ្ញុំមានរបួសហ្វឹកហាត់មិនកើត ក៏ខ្ញុំមិនឃ្លាតឆ្ងាយពីបាល់ទាត់និងមិត្តរួមក្រុម របស់ខ្ញុំដែរ ហើយពិតខ្ញុំសោកស្ដាយមិនបានចូលរួមជួយក្រុមនៅលីគកំពូលកម្ពុជា ដោយសារត្រូវវះកាត់ជង្គង់ជាលើកទី២ជាចាំបាច់បំផុត»។

យ៉ាងណាមិញអ្វីដែលគេចង់ចាំ អ្នកចាំទី អ៊ុំ សេរីរ័ត្ន បំផុតនោះគឺរូបគេបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិកម្ពុជា ដោយបានជួយសង្គ្រោះបាល់ពិន័យ​១១​ម៉ែត្រ​​ របស់ខ្សែប្រយុទ្ធជប៉ុន Shinji Okazaki ក្នុងព្រិត្តិការណ៍ជម្រុះ FIFA World Cup Russia ២០១៨ ជុំទី២ប្រចាំតំបន់អាស៊ីឆ្នាំ ២០១៥ នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)៕

Share.