ប្រទេសជប៉ុនបានព្រមានពីខ្យល់ព្យុះនៅទូទាំងតំបន់ បន្ទាប់ពីបានរងគ្រោះដោយសារព្យុះទីហ្វុង Lupit វាយប្រហារភាគខាងលិចប្រទេសជប៉ុន កាលពីព្រឹកថ្ងៃច័ន្ទនេះ ជាមួយនឹងខ្យល់បោកបក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង ក្រោយពីវាបានបោកបក់ទៅលើតំបន់កោះ គ្យូស៊ុ (Kyusu) នៃភាគនិរតី និងបង្កឲ្យមានការបាក់ដីផងដែរ។

ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ព្យុះនេះ គឺជាព្យុះទីហ្វុងទី៩ ដែលបោកបក់មកប្រទេសជប៉ុន​នៅក្នុងឆ្នាំ ២០២១នេះ ព្យុះនេះត្រូវបានគេព្យាករណ៍ថានិងទៅដល់ដែនសមុទ្រជ​ប៉ុននៅវេលាម៉ោង ៥ល្ងាចនៃច័ន្ទនេះ។

យោងតាមសម្ដីរបស់ប៉ូលីសក្នុងតំបន់ នៅទីក្រុង Masuda បានឲ្យដឹងថា​ មានបុរសវ័យ ៤៦ឆ្នាំម្នាក់ បានបាត់ខ្លួនបន្ទាប់ពីធ្លាក់ចូលក្នុងទឹកទន្លេ Takatsu នៅម៉ោង ៦:៥០នាទីព្រឹក ដោយសារតែគាត់បានព្យាយាមទាញទូកដែលក្រឡាប់មកជិតច្រាំង។

ព្យុះនេះបានបង្កឲ្យមានការបាក់ដីនៅក្នុងខេត្តហ៊ីរ៉ូស៊ីម៉ា (Hiroshima) ផងដែរ។ បន្ថែមពីនេះ តំបន់ភាគខាងជើង, ភាគខាងកើត និងភាគខាងលិចរបស់ជប៉ុន ត្រូវបានអាជ្ញាធរព្យាករណ៍ថា នឹងទទួលរងឥទ្ធិពលនៃព្យុះទីហ្វុង Lupit ដូចជា ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បោកបក់យ៉ាងខ្លាំង រហូតដល់ថ្ងៃអង្គារស្អែកនេះ។ សេវាកម្មដឹកជញ្ជូនមួយចំនួនបានផ្អាកប្រតិបត្តិការ ដោយសារតែខ្សែរថភ្លើង សេនយ៉ូ ស៊ីនកានស៊ិន (Sanyo Shinkansen) ត្រូវបានផ្អាកជាបណ្ដោះអាសន្នរវាងស្ថានីយ៍រថភ្លើង ស៊ីន អូណូម៉ិឈិ (Shin-Onomichi) និង ហាយហ្គាស៊ីហ៊ីរួស៊ីម៉ា  (Higashihiroshima) នេះបើយោងតាមក្រុមហ៊ុន West Japan Railway Co.។


គួរបញ្ជាក់ថា នៅចំពោះមុខគ្រោះធម្មជាតិខាងលើនេះ អាជ្ញាធរជប៉ុនបានណែនាំឲ្យប្រជាជន មានការត្រៀមលក្ខណៈកម្រិតខ្ពស់ទុកជាមុន ចំពោះការកើតមានគ្រោះទឹកជំនន់ និងបាក់ដី ជាពិសេសនៅផ្នែកខ្លះនៃខេត្ត ហ៊ីរ៉ូស៊ីម៉ា (Hiroshima), ហ្ស៊ីម៉ាណិ (Shimane), អេហ៊ីម៉ិ (Ehime) និងខេត្ត អូអ៊ីតាក់ (Oita) ជាដើម។ បន្ថែមពីនេះ ទឹកនៅតាមដងទន្លេមួយចំនួននៅក្នុងខេត្ត Hiroshima និង យ៉ាម៉ាគូឈិ (Yamaguchi) ត្រូវបានគេរាយការណ៍ថា កំពុងកើនឡើងលើសពីកម្រិតប្រកាសអាសន្នទៅហើយ៕

Telegram-Troryorng
Share.