មន្ត្រីក្រុមហាម៉ាស់បាននិយាយថា គណៈប្រតិភូក្រុមហាម៉ាស់ ត្រូវធ្វើឡើងនៅទីក្រុងគែរ នាថ្ងៃសុក្រ សប្ដាហ៍នេះ ដើម្បីផ្តល់ «ការសង្កេត» អំពីផែនការរបស់អេហ្ស៊ីប សម្រាប់បទឈប់បាញ់ដែលនឹងបញ្ចប់សង្រ្គាមនៅក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣។

ពេលដែលប្រធានចលនាក្រុមទាំង២ បានទៅទស្សនារដ្ឋធានីអេហ្ស៊ីប ផែនការនេះត្រូវបានដាក់កាលពីសប្តាហ៍មុន ដល់មន្ត្រីនៃក្រុមហាម៉ាស់ និងក្រុមជីហាតអ៊ីស្លាម ដែលកំពុងប្រយុទ្ធជាមួយកងកម្លាំងអ៊ីស្រាអែល នៅលើទឹកដីនៅហ្គាហ្សាផងដែរ។

ប្រភពជិតស្និទ្ធនឹងក្រុមហាម៉ាស់ បាននិយាយថា ផែនការ ៣ដំណាក់កាល របស់ទីក្រុងគែរ រួមមាន ការផ្តល់បទឈប់បាញ់ឡើងវិញ ការដោះលែងចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ចាប់ឃុំខ្លួនជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន ក្នុងប្រទេសអ៊ីស្រាអែល ហើយឈានទៅរកទីបញ្ចាប់នៃបទឈប់បាញ់ ដើម្បីបញ្ចប់សង្រ្គាមដែលបង្កឡើងដោយការវាយប្រហារដ៏សាហាវកាលពីថ្ងៃទី៧ ខែតុលា លើអ៊ីស្រាអែល និងការទទួលខុសត្រូវ​ក្នុងការគ្រប់គ្រង និងស្ដារឡើងវិញនៅក្នុងតំបន់ហ្គាហ្សាក្រោយសង្រ្គាម។

សូមជម្រាបថា អ៊ីស្រាអែល ​បាន​ប្តេជ្ញា​កម្ទេច​ក្រុម​ហាម៉ាស ​ជា​ការ​សងសឹក​ចំពោះ​ការ​វាយ​ប្រហារដ៏សាហា​វកាលពី​ថ្ងៃ​ទី៧ ខែតុលា ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ប្រហែល ១,១៤០នាក់​ស្លាប់ ដែល​ភាគ​ច្រើន​ជា​ជន​ស៊ីវិលអ៉ីស្រាអែល និងបរទេស​។ ក្រោយមកមានការទម្លាក់គ្រាប់បែកតាមអាកាស និងការលុកលុយដោយឥតឈប់ឈររបស់អ៊ីស្រាអែលវិញ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១,៣២០នាក់ ភាគច្រើនជាស្ត្រី និងកុមារ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ហាម៉ាស-គ្រប់គ្រងហ្គាហ្ស៕

ប្រភព៖ CNA

Share.