លោក Conor Nestor

ក្រុមបាល់ទាត់ Hyderabad FC សមាជិកលីគកំពូលឥណ្ឌា Indian Super League បានប្រកាសចែកផ្លូវជាមួយលោក Conor Nestor អតីតគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង ដោយស្របច្បាប់កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣។

បច្ចុប្បន្នក្រុមបាល់ទាត់ Hyderabad FC ដែលមានលោក Thangboi Singto ជនជាតិឥណ្ឌា ជាគ្រូបង្វឹក និងលោក Conor Nestor ជាគ្រូជំនួយ កំពុងស្ថិតនៅលេខរៀងទី១២ បាតតារាង ក្រោយឆ្លងកាត់១១ប្រកួត ស្មើ៤ និងចាញ់៧ មិនដែលឈ្នះ មានតែ៤ពិន្ទុប៉ុណ្ណោះ។

លោក Thangboi Singto ជនជាតិឥណ្ឌា

លោក Conor Nestor គ្រូ​បង្វឹក​​កម្រិត ​UEFA A Licence បានចំណាយពេលរយ:ពេល ៥ឆ្នាំ​ដឹកនាំ​ក្រុមព្រះខ័នរាជ​ស្វាយរៀង ចាប់ពីឆ្នាំ ២០១៨ រហូតដល់ដើមឆ្នាំ ២០២៣ នៅលីគកំពូលកម្ពុជា ជួយឲ្យទទួលបានតំណាត់ថ្នាក់ដូចជា៖
-២០១៨ ទទួល​បាន​​លេខ៦
-២០១៩ ឈ្នះជើងឯក (ឈ្នះ​ពានជា​គ្រូ​បង្វឹក​ល្អ​ប្រចាំឆ្នាំ​)
-២០២០ ជើងឯករង
-២០២១ ជើងឯករង
-២០២២ ទទួលបានលេខ៣។

ស្របពេលសម្រាប់​ការ​ប្រកួតក្នុងពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វិញក្រុម​ព្រះខ័ន​រាជស្វាយរៀង ក្រោមការដឹកនាំ​របស់​លោក Conro Nestor បានត្រឹមជើង​ឯក​រង នៅ​ឆ្នាំ​២០១៩ និងឆ្នាំ​ ២០២១ ខណ:នៅ​ឆ្នាំ​២០១៨, ​២០២០, ​២០២១ និង២០២២ កន្លងមក​នេះ ​ធ្លាក់​ក្នុង​វគ្គ​៨​ក្រុមចុងក្រោយដូចគ្នា។

លោក Pep Munoz

ខណ:ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសតែងតាំងគ្រូបង្វឹកថ្មីគឺលោក Pep Munoz វ័យ៤៣ឆ្នាំ ជនជាតិសញ្ជាតិអេស្ប៉ាញ ដែលកាន់អាជ្ញាប័ណ្ណកម្រិតយូហ្វាប្រូឡាយសិន មានបទពិសោធន៍ការងារជាគ្រូបង្វឹបរយ:ពេលជាង១៩ឆ្នាំ ដោយចាប់ផ្តើមអាជីពជាគ្រូបង្វឹកដំបូងនៅក្រុម UE Lleida ក្នុងប្រទេសអេស្ប៉ាញមុនទៅចូលរួមជាមួយក្លិបយក្ស FC Barcelona។

បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង កំពុងស្ថិតនៅកំពូលតារាងលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ សប្តាហ៍ទី១៥ ក្រោយឆ្លងកាត់ ១៥ប្រកួត ឈ្នះ១២ ស្មើ១ និងចាញ់២ មាន៣៧ពិន្ទុ៕

Share.