សិល្បៈជាតិ ៖ ដូច​មហាជន​បាន​ជ្រាប​ខ្លះ​មកហើយ​ថា កញ្ញា ពេជ្រ គី​រ៉ា បានឈ្នះ Queen Universe Trans 2023 បន្ទាប់ពី​ចប់​ការប្រកួត​កម្មវិធី Miss Universe Trans ឆ្នាំ 2023 នៅ​ប្រទេស​ឥណ្ឌា នាពេលថ្មីៗនេះ។ យ៉ាងណាមិញ ពេជ្រ គី​រ៉ា អះអាងថា ខ្លួន​គឺជា​នារី​ភេទ​ទី៣កម្ពុជា​ដំបូងបង្អស់ ដែល​ឈ្នះ​មកុដ​បវរកញ្ញា​លើ​ឆាក​អន្តរជាតិ និង​ជា Queen Universe Trans កម្រិត​ពិភពលោក​មុនគេ​ជា​ប្រវត្តិសាស្ត្រ។

កញ្ញា ពេជ្រ គី​រ៉ា បាន​រៀបរាប់​ប្រាប់​អំពី​បទពិសោធន៍​របស់​ខ្លួន​ដែល​ធ្វើយ៉ាងណា​យក​មកុដ​ពិភពលោក​មក​ជូន​កម្ពុជា​វិញ និង​បាន​ចែករំលែក​ពី​គន្លឹះខ្លះៗដែល​ធាតុ​សំខាន់​ធ្វើឱ្យ​កញ្ញា​ទទួលបាន​ជោគជ័យ រហូត​អាច​ដណ្ដើមបាន​មកុដ​ពី​អន្តរជាតិ​យ៉ាង​សមបំណង។

សម្រាប់​ឆ្នាំ ២០២៤ ខាងមុខនេះ ប្រទេស​កម្ពុជា​ក៏​គ្រោង​នឹង​រៀបចំ​ការប្រកួត កម្មវិធី Miss Universe Trans ដើម្បី​ស្វែងរក​នារី​ភេទ​ទី ៣ ឆ្នើម​មួយរូប​ទៀ​តទៅ​ចូលរួម​ប្រកួត​នៅលើ​វេទិកា​អន្តរជាតិ។ កញ្ញា ពេជ្រ គី​រ៉ា ក៏​ប្រាប់​អំពី​គោលបំណងសំខាន់ៗនៃ​ការប្រកួត Miss Universe Trans និង​ការត្រៀមខ្លួន​របស់​បេក្ខភាព​ដែលជា​ទុន​សំខាន់​មួយ​សម្រាប់​បេក្ខភាព​ជំនាន់​ក្រោយ​ដែលមាន​បំណង​ចង់​សម្រេច​ក្ដី​ស្រមៃ​ដូច​កញ្ញា។

ចុងក្រោយ​នេះ កញ្ញា ពេជ្រ គី​រ៉ា ក៏បាន​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ​របស់​កញ្ញា​ទាំងអស់​ដែល​ពួកគេ​បាន​ជួយ​ជ្រោមជ្រែង និង​បោះឆ្នោតឱ្យ​កញ្ញា​ឈ្នះ​ការប្រកួត​បានសម្រេច។ ហើយ​ជាពិសេស​កញ្ញា​ផ្ដាំផ្ញើ​ថា សម្រាប់​បេក្ខភាព​ដែល​ចង់​ចូលរួម​ប្រកួត​នៅក្នុង​កម្មវិធី Miss Universe Trans ឆ្នាំ ២០២៤ សូម​ត្រៀមខ្លួន​ត្រៀម​សមត្ថភាព​មកជា​កញ្ចប់​ឱ្យ​ហើយ ព្រោះ​កញ្ញា​ចង់ឃើញ​នារី​ភេទ​ទី ៣ តំណាងឱ្យ​កម្ពុជា​ជា​អ្នក​បន្តវេន នឹង​ធ្វើបាន​ជោគជ័យ​ដល់​គោលដៅ​ដូចជា​រូប​កញ្ញា​ផងដែរ៕

ដើម្បីលម្អិតពីព័ត៌មាននេះ សូមទស្សនាវីដេអូព័ត៌មានខាងក្រោមនេះ៖

Share.