ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃចន្ទ ដើមឆ្នាំនេះថា ទីក្រុងមូស្គូ នឹងបង្កើនការវាយប្រហារលើគោលដៅយោធាក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារចុងសប្ដាហ៍របស់អ៊ុយក្រែន មកលើទីក្រុង Belgorod របស់រុស្ស៊ី បណ្ដាលឱ្យជនស៊ីវិលរាប់សិបនាក់ស្លាប់ និងរបួស។ នេះបើយោងតាមការចចេ៤ញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤។

ការវាយប្រហាររបស់អ៊ុយក្រែនកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍មុន បានសម្លាប់មនុស្ស ២៥នាក់រួមទាំងកុមារ ៥នាក់ផងដែរ ដោយបានកើតឡើងបន្ទាប់ពីទីក្រុងម៉ូស្គូ បានបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើទីក្រុងនានារបស់អ៊ុយក្រែន។

ទន្ទឹមនឹងនេះ ទីក្រុងកៀវ បាននិយាយថា ប្រទេសរុស្ស៊ីបានកំណត់គោលដៅលើប្រទេសនេះជាមួយនឹងចំនួនយន្តហោះគ្មានមនុស្សបើកនៅថ្ងៃចូលឆ្នាំថ្មីនេះ។

លោក ពូទីន បាន​និយាយ​ក្នុង​អំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​ទៅ​មន្ទីរ​ពេទ្យ​យោធាក្នុងទីក្រុងមូស្គូ ​ថា​៖ «​យើង​នឹង​បង្កើន​ការ​វាយ​ប្រហារ។ ប៉ុន្ដែទីក្រុងមូស្គូ នឹងមិនសងសឹកដោយការវាយប្រហារ គ្មាន​ការរើសអើងប្រឆាំង​នឹង​ជន​ស៊ីវិល​ទេ ប៉ុន្ដែរុស្ស៊ី នឹងផ្ដោតលើទីតាំងយោធារបស់អ៊ុយក្រែន​ នោះ​ជា​ការ​ពិត»។ ការអត្ថាធិប្បាយរបស់លោក ពូទីន បានកើតឡើងនៅចុងបញ្ចប់នៃសប្តាហ៍ដ៏សាហាវនៅក្នុងប្រទេសអ៊ុយក្រែន ដោយភាគីទាំង២ បានវាយប្រហារគ្នាទៅវិញទៅមកដោយការវាយប្រហារទ្រង់ទ្រាយធំ។

លោក ពូទីន បាននិយាយថា «រុស្ស៊ីនឹងបន្តវាយលុកអ្វី ដែលលោកហៅថា «ការតំឡើងគ្រឿងបរិក្ខារយោធា»។ លោក បន្ថែមថា រយៈពេលជិត២ឆ្នាំ ក្នុងការវាយលុកយោធារបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន «យើងកំពុងធ្វើវានៅថ្ងៃនេះ និងថ្ងៃស្អែក ហើយយើងនឹងបន្តធ្វើវាបន្ថែមទៀត»។

លោកពូទីន បានប្រាប់ទាហានរុស្ស៊ី ដែលរងរបួសអង្គុយក្បែរគាត់នៅមន្ទីរពេទ្យយោធា ថា ការវាយប្រហាររបស់អ៊ុយក្រែនលើទីក្រុង Belgorod គឺជាអំពើភេរវកម្ម ធ្វើឡើងដោយប្រើអាវុធ មិនរើសមុខលើនរណាទាំងអស់។

លោកពូទីន បានចោទប្រកាន់កងកម្លាំងអ៊ុយក្រែនថា «បានកំណត់គោលដៅវាយប្រហារនៅកណ្តាលទីក្រុង ជាកន្លែងដែលមនុស្សជាច្រើន ដើរលេងមុនថ្ងៃចូលឆ្នាំសកល» ហើយ ពូទីន បានចោទប្រកាន់ថា «អ៊ុយក្រែនបានវាយប្រហារលើ ជនស៊ីវិលដោយចេតនា»។

ទាក់ទិននឹងបញ្ហានេះ អភិបាលក្រុង Belgorod លោក Vyacheslav Gladkov បាននិយាយកាលពីថ្ងៃចន្ទថា «ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារលើទីក្រុង បានកើនឡើងដល់ ២៥នាក់ ដោយនិយាយថា ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះកុមារតូចៗ ដែលរងរបួសធ្ងន់ធ្ងរក្នុងការវាយប្រហារនោះទេ»។

លោក Gladkov បន្ដថា «នេះ គឺជាការខាតបង់ដែលមិនអាចជួសជុលបានសម្រាប់យើងទាំងអស់គ្នា មនុស្ស​សរុប​ ១០៩​នាក់បាន​រង​របួស ​ក្នុង​នោះ​៤៥​នាក់ ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ខណៈអគារសាធារណៈ និងលំនៅដ្ឋានមួយចំនួនបានរងការខូចខាត»។ លោកក៏បានអះអាងដែរថា «ទីក្រុងម៉ូស្គូ ចង់បញ្ចប់ជម្លោះ ដែលអូសបន្លាយអស់រយៈពេលជិត ២ឆ្នាំមកនេះ ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ប៉ុន្តែទាល់តែពួកគេយល់ព្រមតាមលក្ខខណ្ឌរបស់យើងប៉ុណ្ណោះ» នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS៕

ប្រភព៖ CNA

Share.