សិល្បៈជាតិ៖ ប្រហែលជា​ប្រិយមិត្ត​សារព័ត៌មាន​ត្រយង​មួយចំនួន​នៅចាំ​បាន​ពី​អតីត​តារាចម្រៀង​ល្បីឈ្មោះ​នៅ​អំឡុង​ឆ្នាំ១៩៧៩ ដល់ ១៩៨០ ហើយ​លោក​ក៏​ជា​ម្ចាស់​បទ​ល្បី «បណ្ដាំ​ទួលស្លែង» នោះ​គឺ​លោក អ៊ិន សុផារ៉ា។ ដំណឹង​ចុង​ក្រោយនេះ ត្រូវបាន​អ្នកសិល្បៈ​ទម្លាយ​ថា លោក​ធ្លាក់ខ្លួន​ពី​តារាចម្រៀង​ល្បី បែរជា​មាន​ជីវភាព​ដុនដាប​រើសអេតចាយ​និង​ថែ​សួន​ឱ្យគេ។

តាម​វីដេអូ​របស់​តារា​សម្ដែង​ប្រុស សា​វិ​ន ហ្វី​លី​ព បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ឱ្យ​មហាជន​អ្នកលេង​បណ្ដាញ​សង្គម​បាន​ឃើញថា អតីត​តារាចម្រៀង​ប្រុស​រូបនេះ​បាន​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​យូរ​ឆ្នាំ​មកហើយ ដោយសារ​មិន​មានឱកាស​បានបង្ហាញ​មុខ​ច្រៀង​តាម​ឆាក​តន្ត្រី រហូត​មិន​នឹកស្មាន​ដល់​ថា រូបលោក​លោក​ធ្លាក់ខ្លួន​កម្សត់​សឹងតែ​ចិញ្ចឹម​ក្រពះ​មិន​រស់។

លោក អ៊ិន សុផារ៉ា បាន​រៀបរាប់ថា សព្វថ្ងៃនេះ​លោក​មាន​អាយុ ៧៣ ឆ្នាំ​ហើយ រស់នៅ​ជាមួយ​ភរិយា​ក្នុង​បន្ទប់​ជួល​មួយខែ ៤០ ដុល្លារ​នៅ​ម្ដុំ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ទាំង​ត្រដាបត្រដួស។ លោក​ត្រូវបាន​ម្ចាស់​បន្ទប់​ជួល ជួយ​រក​ការងារ​ឱ្យធ្វើជា​អ្នក​សម្អាត​អនាម័យ រើស​កំប៉ុង​អេត​ចាយ​លក់ និង​មើលថែទាំ​សួន​ឱ្យគេ។ រីឯ​ភរិយា​របស់លោក គឺជា​អ្នក​ជួយ​លាងចាន​ឱ្យគេ​នៅ​ហាង​អាហារ ដើម្បី​យក​កម្រៃ​តិចតួច​មក​ដោះ​ទល់​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ​ដូចជា បង់ថ្លៃ​បន្ទប់​ជួល និង​ថ្លៃ​ទឹកភ្លេង​ជាដើម ។

លោក អ៊ិន សុផារ៉ា បានបញ្ជាក់​ទៀតថា សព្វថ្ងៃនេះ​លោក​មាន​វ័យ​កាន់តែ​ចាស់ ចំណែកឯ​សុខភាព​ក៏​កាន់តែ​ទ្រុត​ទ្រោម ដោយមាន​ជំងឺ​ប្រចាំកាយ​គឺ​ជំងឺលើសឈាម​ទៀតផង។ លោក​អះអាងថា កាល​មុន​កូ​វីដ នៅមាន​ហាង​រាត្រី​ខ្លះ​ផ្ដល់ឱកាស​ឱ្យ​លោក​ច្រៀង ប៉ុន្តែ​តាំងពី​កូ​វីដ​រហូតមកទល់​សព្វ​ថ្ងៃនេះ គ្មាន​ហាង​ណា​ទទួល​លោក​ច្រៀង​ឡើយ ទាំង​ដែល​រូបលោក​អាច​នៅ​ច្រៀង​បាន​ធម្មតា ប៉ុន្តែ​ប្រហែល​មកពី​លោក​វ័យ​ចំណាស់​ពេក​ទើបបានជា​គ្មាន​អ្នកណា​ហៅ​ច្រៀង​ដូច​មុន​ទៀត។

ដោយឡែក​លោក អ៊ិន សុផារ៉ា ក៏បាន​រំលឹក​ដែរ​ថា បទ «បណ្ដាំ​ទួលស្លែង» គឺជា​ស្នាដៃ​និពន្ធ​របស់លោក​ផ្ទាល់ ទាំង​ទំនុកច្រៀង និង​ទំនុក​មេ​ឡូ​ឌី រួច​ទើប​យក​ឱ្យ​អ្នក​តន្ត្រីករ​ជួយ​សម្រួល​បទ​ភ្លេង និងបានថតសំឡេងនៅអំឡុងឆ្នាំ ១៩៨១។ ហើយ​តាមរយៈ​បទ​ល្បី​មួយ​បទ​នេះ លោក អ៊ិន សុផារ៉ា បាន​សាង​កេរ្ដិ៍ឈ្មោះ​ល្បី​សុសសាយ​ពេញ​សង្គម​សិល្បៈ​ខ្មែរ។

យ៉ាងណាមិញ តារា​សម្ដែង សា​វិ​ន ហ្វី​លី​ព បាន​សន្យា​ជាមួយ​លោក អ៊ិន សុផារ៉ា ថា លោក​នឹង​ទៅសុំ​ថៅកែ​ហាង ទ្រខ្មែរ ដែល​និយម​គាំទ្រ​តារាចម្រៀងចាស់ៗ និង​បាត់​មុខ​ពី​សិល្បៈ ដើម្បីឱ្យ​លោក អ៊ិន សុផារ៉ា ចូល​ច្រៀង​នៅ​ទីនោះ ជាមួយនឹង​លោក ណូយ វណ្ណា។ សា​វិ​ន ហ្វី​លី​ព ក៏បាន​អំពាវនាវ​សុំ​ទឹកចិត្ត​ពី​មហាជន​អ្នកគាំទ្រ​ដែលមាន​ចិត្ត​មេត្តាជួយ​ត្រឹមតែ​ម្នាក់ ១ ដុល្លារ តាមរយៈ​គណនី ABA របស់លោក លោក អ៊ិន សុផារ៉ា  ផ្ទាល់​ដែលមាន 070 816 428 ដើម្បីឱ្យ​លោក​មានសង្ឃឹម​ក្នុង​ជីវិត​ឡើងវិញ៕

Share.