សិល្បៈជាតិ៖ ដំណឹង​ចុងក្រោយ​ដែល​សារព័ត៌មាន​ត្រយង​បានឱ្យដឹងថា ក្រោយពី​គ្រោះថ្នាក់​ចរាចរណ៍ Vj ALaskoo បារម្ភ​ខ្លាច​ពិការ​ដៃ​មួយ​ចំហៀង ព្រោះ​នៅពេលនេះ​លោក​ប្រកាសថា​លោក​អស់​លទ្ធភាព​នឹង​ព្យាបាល ថែមទាំង​អស់កម្លាំង​កាយ​ចិត្ត​តស៊ូ​បន្តទៀត។

Vj ALaskoo  បានឱ្យដឹងថា កាលពីថ្មីៗនេះ​លោក​បាន​ជួប​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​រថយន្តបុក​បណ្តាលឱ្យ​ភ្លាត់ឆ្អឹង​ដៃ និង​ប៉ះទង្គិច​ចំក្បាល។ បន្ទាប់​គ្រោះថ្នាក់​ភ្លាម លោក​ត្រូវបាន​បញ្ចូនទៅ​មន្ទី​ពេទ្យ​ដើម្បី​ព្យាបាល និង​ស្គែ​ន​មើល​ផ្នែក​ក្បាល​ឃើញថា​ត្រូវ​ខ្ទាំ​ចំហៀង​ក្បាល ចំណែកឯ​ដៃ​ម្ខាង​ភ្លាត់ឆ្អឹង​ស្មា​បណ្ដាលឱ្យ​ប៉ះពាល់​សរសៃ​ធំ​អាច​ប្រឈម​នឹង​ស្វិតដៃ​ម្ខាង។

យ៉ាងណាមិញ មុននេះ​បន្តិច  Vj ALaskoo  បានបញ្ជាក់​នៅលើ​បណ្ដាញ​សង្គម​របស់លោក​នូវ​ការព្រួយបារម្ភ​ទៅកាន់​អ្នកគាំទ្រ​ថា «បងប្អូន​អើយ ជួយ​ខ្ញុំ​ផង.. ជួយ​ប្រាប់​ពេទ្យ​ណា ពូកែ​ខាង​ស​សៃ ព្រោះ​ខ្ញុំ​ក្រោយពី​គ្រោះថ្នាក់​ចរាចរណ៍ ភ្លាត់ឆ្អឹង​ស្មា និង ត្រូវ​ខ្ទាំ​ចំហៀង​ក្បាល ។ ក្រោយពី​បញ្ចូល​ឆ្អឺ​ង​មក​ដូចដើម តែ​ដៃ​ចាប់​កាន់​មិនសូវ​បាន រយះពេល​ជាង​មួយខែ​ហើយ ខូច​ទ្រង់ទ្រាយ​ដៃ​គឺ​ស្វិតទៅៗ ហើយ​ស្ពឹក .. ខ្ញុំ​បារម្ភ​ណាស់ ម្តេច​មកជួប​អកុសល​បែបនេះ ខ្ញុំ​អស់់​លទ្ធភាព​នឹង​ព្យាបាល អស់កំលាំង​កាយ​ចិត្ត ខ្ញុំ​ខ្លាច​ភាព​ពិការ»។

ក្រោយ​បង្ហោះ​ដំណឹង​ក្រៀមក្រំ​នេះ អ្នកលេង​បណ្ដាញ​សង្គម​បានត្រឹមតែ​ចូលរួម​ព្រួយបារម្ភ​ពី​ស្ថានភាព​សុខភាព​របស់លោក និង​មាន​ខ្លះទៀត​បាន​ចែករំលែក​ពី​ឈ្មោះ​មន្ទីរពេទ្យ​ព្យាបាល​ស​សៃ​និង​ធ្វើ​ចលនា​សាច់ដុំ​ជាដើម។

គួរ​រំលឹក​ដែរ​ថា  Vj ALaskoo  មានឈ្មោះ​កំណើត អៀង សំអាត មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ឆ្នាំង លោក​គឺជា​អតីត​បេក្ខជន Freshie Boy ឆ្នាំ២០០៥ បុរស​ឆ្នើម​រូបនេះ​ធ្លាប់​គ្រង​តំណែង​ជា​ម្ចាស់​ពាន​ផ្នែក​ពិធីករ​ឆ្នើម​នៅក្នុង​កម្មវិធី « ពានរង្វាន់​លេខ១១ Star Zeus» ដែល​រៀបចំឡើង​ឯកឧត្តម​ហ្វៃ សំអាង កាលពី​ឆ្នាំ២០១៧ និង​ទទួល​តំណែង​ជា «ប្រធាន​សមាគម​អតីត​ពលករ​មកពី​កូរ៉េ» នៅ​ឆ្នាំ២០១៧។ សព្វថ្ងៃ​លោក​កំពុង​ចាប់ផ្តើម​ការងារ​មួយចំនួន​ជា​អ្នករៀបចំ​បណ្ដា​កម្មវិធីធំៗ និង​ក្រុមហ៊ុន​នានា​ដូចជា ការរៀបចំ​ការប្រកួត​សម្រស់ Miss Grand Cambodia ជាដើម៕

Share.