យោងតាមការបញ្ជាក់លើផេកផ្លូវការរបស់សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ​ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បានឱ្យថា ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទិញ​អាវកីឡាប្រភេទអ្នកគាំទ្ររបស់ក្រុមបាល់ទាត់ក្រសួងមហាផ្ទៃ ចំនួន១០០០អាវ។​

នេះគឺជាការរួមចំណែកគាំទ្រលេីកទឹកចិត្ត​ដល់សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ដែលកំពុងប្រកួតប្រជែងនៅលីគលំដាប់ទី២ Cambodian League 2 និងជួយផ្សព្វផ្សាយវិស័យកីឡាបាល់ទាត់ ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។

ជាចុងក្រោយ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ បានថ្លែងថា៖«សូមបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោក​ តាមបីបាច់ថែរក្សា​ និងប្រសិទ្ធិពរជ័យ​ សិរីមង្គល​ បវរមហាប្រសេីរ​ ជូនចំពោះ​ ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យមានសុខភាពល្អបរិបូរណ៍​ និង​ទទួលបាននូវជោគជ័យការងារ​ថ្មីៗបន្ថែមទៀតក្នុងគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧​ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត»។

គិតត្រឹមសប្តាហ៍ទី១១ នៅក្នុងពានរង្វាន់លីគទី២ Cambodian League 2 សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ គឺជាក្រុមតែមួយ ដែលអាចរកគ្រាប់បាល់បាន​ច្រើនជាងគេ ក្នុង​ចំ​ណោម​ក្រុមទាំង៨។

ដោយ​ឆ្លងកាត់​ការប្រកួត​ចំនួន ៤៤ប្រកួត ត្រឹមសប្តាហ៍ទី១១ គ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាទាំងអស់​មាន​ចំនួន ១៤០គ្រាប់​មាន​ដូច​ខាង​ក្រោម៖

១. សមាគមក្រសួងមហាផ្ទៃ រកបានចំនួន ២៩គ្រាប់
២. អាយ អេស អាយ ដង្កោសែនជ័យ (ខ) រកបានចំនួន ២១គ្រាប់
៣. វិសាខា (ខ) រកបានចំនួន ២១គ្រាប់
៤. យុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៨ឆ្នាំ រកបានចំនួន ២០គ្រាប់
៥. ឡាយហ្វអេហ្វស៊ីខេត្តព្រះសីហនុ រកបានចំនួន ១៨គ្រាប់
៦. កងយោធពលខេមរភូមិន្ទ (ខ) រកបានចំនួន ១៣គ្រាប់
៧. សៀមរាប អេហ្វស៊ី រកបានចំនួន ១២គ្រាប់
៨. អង្គរ ស៊ីធី រកបានចំនួន ៦គ្រាប់

ខណ:កីឡាករ នួន បូរី របស់សមាគមក្រសួងមហាផ្ទៃ បន្តរក្សាតំណែងជាកីឡាករ រកគ្រាប់​បាល់​ច្រើន​ជាង​គេ ពោល​គឺរកបានចំនួន ១១គ្រាប់ ។ គិតត្រឹមសប្ដាហ៍ទី១១ សមគមក្រសួងមហាផ្ទៃ ឆ្លងកាត់ ១១ប្រកួត ឈ្នះ៦ ស្មើ៣ ចាញ់ ២ មាន ២១ពិន្ទុ ស្មើជា​មួយ វិសាខា ខ ឈរលេខ២៕

Share.