ផ្សែងអ័ព្ទយ៉ាងខ្លាំងនៅក្នុងខេត្តមួយចំនួនរបស់ចិន នៅថ្ងៃព្រហស្បតិ៍ នេះ បាននាំឱ្យមានការពិបាកមើលឃើញ ដោយបានបិទផ្លូវហាយវ៉េ ពន្យារពេលជើងហោះហើរចេញពីទីក្រុងស៊ាងហៃ និងជំរុញឱ្យអ្នកព្យាករណ៍អាកាសធាតុបញ្ចេញការព្រមាន និងសេចក្ដីណែនាំជាច្រើន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤។

មជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិន បាននិយាយថា អ័ព្ទក្រាស់បានជះឥទ្ធិពល និងប៉ះពាល់ដល់ខេត្ត Shandong, Hubei, Hunan, Jiangxi និង Fujian ជាមួយនឹងកម្រិតអាចមើលឃើញក្រោម ២០០ម៉ែត្រ ខណៈផ្នែកខ្លះនៃភាគខាងត្បូងខេត្ត Jiangsu និងភាគខាងត្បូងខេត្ត Anhui មានកម្រិតអាចមើលឃើញក្រោម ៥០ម៉ែត្រប៉ុណ្ណោះ។

នាយកដ្ឋានឧតុនិយមកណ្តាលបានចេញការព្រមានពណ៌លឿង និងពណ៌ទឹកក្រូចសម្រាប់អ័ព្ទខ្លាំងរហូតដល់ម៉ោង ៧:៤៥នាទីព្រឹក (ម៉ោងក្នុងស្រុក)។

អ្នកព្យាករណ៍អាកាសធាតុរបស់ចិន បានព្យាករណ៍ថា អ័ព្ទនេះនឹងបន្ដកើតឡើងនៅតំបន់ជាច្រើន រហូតដល់ថ្ងៃសុក្រ សប្ដាហ៍នេះ។

តំបន់មួយចំនួននៃខេត្ត Anhui បានចេញការព្រមានពណ៌ក្រហមសម្រាប់អ័ព្ទខ្លាំង ដែលកម្រិតធ្ងន់ធ្ងរបំផុត ហើយផ្លូវហាយវ៉េជាច្រើនត្រូវបានបិទជាបណ្តោះអាសន្ន នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV ។

ទូរទស្សន៍ CCTV បានរាយការណ៍ថា នៅទីក្រុង Nanjing នៃខេត្ត Jiangsu ភាគខាងកើតប្រទេសចិន តំបន់ជាច្រើនបានរងនូវឥទ្ធិពលដោយអ័ព្ទក្រាស់ៗ ដែលបង្កឱ្យមានការកកស្ទះក្នុងការដឹកជញ្ជូនសាធារណៈក្នុងកម្រិតផ្សេងៗគ្នា។

យោងតាមកម្មវិធីតាមដានការហោះហើររបស់ FlightView.com អ័ព្ទក៏បណ្តាលឱ្យជើងហោះហើររាប់សិបជើង នៅអាកាសយានដ្ឋានអន្តរជាតិ Shanghai Pudong ត្រូវបានពន្យារពេល ឬបង្វែរទិសដៅក្នុងរយៈពេល ៣ម៉ោងចុងក្រោយនេះ។

សូមជម្រាបថា ប្រទេស​ចិន​មាន​ប្រព័ន្ធ​ព្រមាន​ពណ៌ ៣​ជាន់​សម្រាប់​អ័ព្ទ​ក្រាស់ ដោយ​ពណ៌​ក្រហម​គឺ​ធ្ងន់ធ្ងរ​បំផុត បន្ទាប់​មក​ដោយ​ពណ៌​ទឹកក្រូច និង​លឿង៕

ប្រភព៖ CNA

Share.