កាល​ពី​ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានរៀប​ចំពិធី​បិទ​វគ្គ​បណ្ដុះ​បណ្ដាល​មន្ត្រីអាជ្ញាកណ្ដាលកីឡាបាល់ទះឆ្នេរខ្សាច់កម្រិត (គ ឬ C) ឆ្នាំ២០២៤ ក្រោម​អភិ​បតី​ភាព​ដ៏ខ្ពង់​ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធកីឡាបាល់ទះកម្ពុជា នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វីនកីឡា រាជធា​នីភ្នំពេញ។

ការរៀបចំវគ្គនេះមានការឧបត្ថម្ភដោយក្រសួងអប់រំ យុវជន និងកីឡាតាមរយៈ នាយកដ្ឋានអប់រំកាយ និងកីឡា និងកីឡា គ្រូឧទ្ទេស សិក្ខាកាម សរុបចំនួន ៦០រូប ស្រី ៦រូប មកពីបណ្ដាសមាគម-ក្លិប កីឡា​បាល់ទះដែលបានចុះបញ្ជីទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា និងមន្ទីរអប់រំ យុវ​ជន និងកីឡា ២៥ រាជធានី-ខេត្ត។

វគ្គបណ្ដុះបណ្តាលអាជ្ញាកណ្ដាលកីឡាបាល់ទះឆ្នេរខ្សាច់កម្រិត (គ ឬC) ឆ្នាំ២០២៤ បាន​ចាប់​ផ្តើម​កាល​ពីថ្ងៃទី០២ ដល់ទី០៥ ខែមករា ឆ្នាំ២០២៤ ដោយមានសិក្ខាកាម ចំនួន ៦៥ (ហុកសិបប្រាំ) នាក់ មកពីអង្គភាពរួមមាន៖

  • នាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត ចំនួន ០១រូប
  • នាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា ចំនួន ០៣រូប
  • វិទ្យាស្ថានជាតិ អប់រំកាយ និងកីឡាចំនួន ០២រូប
  • សមាគម-ក្លិបកីឡាបាល់ទះ ដែលបានចុះបញ្ជីផ្លូវការជាសមាជិកសហព័ន្ធកីឡាបាល់ ទះកម្ពុជា ចំនួន ២១សមាគម-ក្លិប សរុបសិក្ខាកាម ចំនួន ២៣រូប
  • មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ចំនួន ១៩ រាជធានី-ខេត្ត សរុបសិក្ខាកាម ចំនួន ៣៣រូប
    -មន្ត្រីសហព័ន្ធកីឡាបាល់ទះ ចំនួន ០៣រូប
  • សរុបចំនួនសិក្ខាកាមដែលបានសិក្សាវគ្គនេះ ចំនួន ៦៥រូប ស្រីចំនួន ៦រូប

ក្នុង​នោះ​ផង​ដែរ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធកីឡាបាល់ទះកម្ពុជា បានផ្ដល់អនុសាសន៍ណែនាំចំនួន ៦ចំណុច​ដូចខាងក្រោម៖

១. សូមសិក្ខាកាមយើង ដែលមានឈ្មោះចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ យកចំណេះ ជំនាញ​ដែលទទួលបាន ទៅអភិវឌ្ឍន៍នៅតាមមូលដ្ឋាន សមាគម/ក្លិបបាល់ទះ ឬស្ថាប័នដែលខ្លួនធ្វើការ។

២. សូមគ្រូឧទ្ទេស បន្តសិក្សាពីច្បាប់ល្បែងថ្មីៗ ដែលសហព័ន្ធកីឡាបាល់ទះអន្តរជាតិ គេបានធ្វើវិសោធនកម្មបន្ថែម និងបន្តចែករំលែកជូនដល់សិក្ខាកាមយើងបានយល់ដឹងទាន់សភាពការណ៍។

៣. សូមសហព័ន្ធកីឡាបាល់ទះកម្ពុជា បន្តរៀបចំវគ្គបណ្តុះបណ្តាលបន្ថែមទៀតជាជំហានៗ មិនថាវគ្គអាជ្ញាកណ្ដាល គ្រូបង្វឹក ជំនួយការអាជ្ញាកណ្ដាល ឬចៅ-ក្រម និងមន្រ្តីបច្ចេកទេស​គ្រប់កម្រិតជាដើម។ ជាពិសេស ការបណ្ដុះបណ្ដាលស្ដី​ពីការគ្រប់គ្រង​ក្លិប​កីឡា​បាល់ទះ។

៤. ទន្ទឹមនឹងការបង្កើនធនធានអាជ្ញាកណ្ដាល ក៏ត្រូវមានសកម្មភាពប្រកួតឱ្យបានទៀតទាត់។

៥. នៅក្នុងវគ្គសិក្សានេះដែរ ក៏មានភ្ជាប់ឯកសារជាច្រើន មានជាភាសារបរទេស ។ ដូច្នេះខ្ញុំលើក​ទឹកចិត្ត​ឱ្យសិក្ខាកាម​យើង ត្រូវតែពង្រឹងសមត្ថភាពភាសាបរទេស ណា​មួយឱ្យច្បាស់ ដើម្បីស្វ័យ​សិក្សា​ខ្លួន​ឯងបន្ថែមទៀត ហើយបើមានឱកាស បង្ហាញ​សមត្ថភាព យើងមានភាគរយខ្ពស់ ជាពិសេសគឺ ចេញទៅធ្វើការងារ ឬ រៀនសូត្របន្ថែម ទាំងកម្រិតអាស៊ាន អាស៊ី និងពិភពលោក។

៦. សូមបន្តកិច្ចការងារទំនាក់ទំនងជាមួយពិភពខាងក្រៅ និងទទួលបានបទពិសោធបច្ចេក- ទេសថ្មីៗផង

គួរបញ្ជាក់ថា ក្រោយពីបានសិក្សាអស់រយៈពេល ៤ថ្ងៃ ទាំងផ្នែកទ្រឹស្ដី និងអនុវត្តផ្ទាល់លើទីលាន សហ​ព័ន្ធកីឡាបាល់ទះកម្ពុជា បានកត់សម្គាល់ឃើញថា សិក្ខាកាម បាន​ខិតខំប្រឹង​ប្រែង​យក​ចិត្តទុក​ដាក់ និងមាន ការយល់ដឹងបានច្រើន ហើយទទួលបានលទ្ធផល និទ្ទេស​ល្អមា​នចំនួន ១៧នាក់ ស្មើនឹង ២៦% និទ្ទេសល្អបង្គួរមានចំនួន ២១នាក់ ស្មើនឹង ៣២% និង​ និទ្ទេសមធ្យមមានចំនួន ២៧នាក់ ស្មើនឹង ៤២%៕

Share.