ពោធិ៍សាត់៖ ក្នុងកិច្ចប្រជុំមួយស្ដីពីការកំណត់ព្រំប្រទល់បាតអាង រៀបចំផែនទីដែលត្រូវឈួសឆាយជាក់ស្ដែង កាលពីរសៀលថ្ងៃទី 4 ខែមករាឆ្នាំ 2024 នៅសាលាស្រុកវាលវែង ឯកឧត្តមខូយរីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ការអនុវត្តគម្រោងស្ដារបាត់អាងវារីអគ្គិសនី និងមានផលប៉ះពាល់ដល់ធនធានព្រៃឈើជាក់ជាមិនខានឡើយ។

ដូច្នេះក្រុមហ៊ុននិងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យមើលឲ្យបានលិ្អតល្អន់គ្រប់ជ្រុងជ្រោយ ជាពិសេសធនធានព្រៃឈើដែលត្រូវរក្សាទុកនិងប្រភេទឈើដែលត្រូវធ្វើ ព្រោះថាការបាត់បង់ព្រៃឈើច្រើននោះប្រភពទឹកភ្លៀងក៏មិនមានគ្រប់គ្រាន់សម្រាប់ផលិតថាមពលអគ្គិសនីបានដែរ។

ឯកឧត្តមបានរំលេចឲ្យដឹងថា កន្លងមកបញ្ហាប្រឈមដែលកើតឡើងពីការអនុវត្តគម្រោងស្ដារបាតអាង គឺក្រុមហ៊ុនបានកាប់យកឈើពីរតំបន់ផ្សេងមកអនុវត្ត ក្នុងនោះមានកម្មករមួយចំនួនបានឆ្លៀតឱកាសកាប់រុករានដីព្រៃធ្វើជាកម្មសិទ្ធិរស់នៅដោយអនាធិបតេយ្យ បង្កការលំបាកដល់អាជ្ញាធរមូលដ្ឋានដោះស្រាយមិនចប់។ ក្នុងន័យនេះក្នុងនាមអាជ្ញាធរខេត្ត សូមឱ្យក្រុមហ៊ុនដែលទទួលបានសិទ្ធិប្រមូលផល អនុផលព្រៃឈើស្ដារបាតអាងក្នុងតំបន់គម្រោងអភិវឌ្ឍន៍វ៉ារីអគ្គិសនីស្ទឹងមេទឹក ត្រូវគ្រប់គ្រងបញ្ជីឈ្មោះកម្មករ កម្មការិនី និងអនុវត្តតាមសៀវភៅបន្ទុកប្រមូលផលអនុផលព្រៃឈើនិងបង់ពន្ធអាករផ្សេងៗជូនរដ្ឋតាមការកំណត់ដោយផ្អែកលើបញ្ជីសារពើភ័ន្ធព្រៃឈើ។

លើសពីនេះទៀតក្រុមហ៊ុនត្រូវមានកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានដើម្បីបង្កើនការការពារបញ្ហាប្រឈមនានាដែលកើតមាននៅក្នុងតំបន់នោះជាពិសេសនៅពេលធ្វើប្រតិបត្តិការសំដៅធ្វើយ៉ាងណាឲ្យការអនុវត្តមានដំណើរការដោយភាពរលួន។ជាមួយគ្នានោះរដ្ឋបាលខេត្តនិងចាត់ អភិបាលរងខេត្តមួយរូបនិងមន្ត្រីចូលរួមសហការនៅគ្រប់សកម្មភាពនៅក្នុងតំបន់គោលដៅនេះតែម្ដង។


សូមបញ្ជាក់ផងដែរថា គម្រោងវារីអគ្គិសនីស្ទឹងមេទឹក មានអានុភាព 150 មេកវ៉ាត់ ទទួលបានសិទ្ធិវិនិយោគនិងអនុវត្តគម្រោងដោយក្រុមហ៊ុន hiđro power រយៈពេល45 ឆ្នាំ ពីរាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះស្ថិតក្នុងភូមិសាស្ត្រឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ មានផ្ទៃដីអភិវឌ្ឍន៍ 2,660ហិចតាជាមួយនឹងភូមិសាស្ត្រឃុំបាក់ខ្លង ស្រុកមណ្ឌលសីមាខេត្តកោះកុងដែលមានផ្ទៃដីអភិវឌ្ឍចំនួន 994 ហិចតាដែលត្រូវចាប់ផ្ដើមសម្អាតបាតអាងនៅដើមខែមករាឆ្នាំ 2024នេះ៕

អត្ថបទ៖ ពោធិ៍សាត់

Share.