មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេជឿថា មានអាយុ ៤០ឆ្នាំ នៅថ្ងៃចន្ទ សប្ដាហ៍នេះ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេស នៅតែបន្តភាពស្ងៀមស្ងាត់រាប់ទសវត្សរ៍របស់ខ្លួន ជុំវិញថ្ងៃខួបកំណើតរបស់លោក គីម ជុងអ៊ុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤។

ថ្ងៃកំណើតរបស់លោក គីម ត្រូវបានគេជឿថា ជាថ្ងៃទី៨ ខែមករា ទោះបីជារបបមួយនេះ រក្សាការសម្ងាត់មិនបានបញ្ជាក់កាលបរិច្ឆេទក៏ដោយ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានកំណត់យកឆ្នាំ ១៩៨៤ ចុះក្នុងបញ្ជីឆ្នាំកំណើតរបស់លោក គីម ដែលធ្វើឱ្យរូបលោកមានអាយុ ៤០ឆ្នាំហើយ នៅក្នុងឆ្នាំនេះ។

ដោយឡែក ថ្ងៃកំណើតរបស់ឪពុក និងជីតារបស់ លោក គីម ដែលជាអតីតមេដឹកនាំកូរ៉េខាងជើង គឺជាថ្ងៃបុណ្យជាតិឈប់សម្រាក នៅទូទាំងប្រទេស។ ទន្ទឹមនឹងនោះ ថ្ងៃខែឆ្នាំកំណើតរបស់លោក គីម ជុងអ៊ុន តែងតែកន្លងផុតទៅដោយស្ងប់ស្ងាត់ ដោយមិនត្រូវបានផ្សព្វផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ឬនៅលើប្រតិទិនឈប់សម្រាករបស់ប្រទេសឡើយ។

កាលពីខែមករា ឆ្នាំ២០២០ អាជ្ញាធរកូរ៉េខាងជើង ធ្លាប់បានត្រឹមទទួលស្គាល់ថា លោក គីម ទទួលបានសារជូនពរថ្ងៃកំណើត ពីសំណាក់លោក ដូណាល់ ត្រាំ ដែលកាលនោះនៅជាប្រធានាធិបតីអាមេរិក ប៉ុន្តែគ្មានការលើកឡើងអំពីកាលបរិច្ឆេទឱ្យប្រាកដនោះទេ។ សម្រាប់ឆ្នាំនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ សប្ដាហ៍នេះ បានបង្ហាញរូបភាពលោក គីម ធ្វើទស្សនកិច្ចនៅកសិដ្ឋានចិញ្ចឹមសត្វមាន់មួយន្លែង ជាមួយកូនស្រីលោក ហើយនិងក្រុមមន្រ្តីជាន់ខ្ពស់។

ទាក់ទិននឹងបញ្ហានេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍នៅខែនេះថា កូរ៉េខាងត្បូងជឿថា កូនស្រីរបស់លោក ឈ្មោះ Ju-ae អាចជាអ្នកស្នងតំណែងបន្ដពីឪពុក គីម ជុងអ៊ុន៕

ប្រភព៖ CNA

Share.