សភារបស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងបោះឆ្នោតនៅថ្ងៃអង្គារ នេះ ដើម្បីបញ្ឈប់ការបរិភោគ និងលក់សាច់សុនខ ជាវិធានការដែលនឹងបញ្ចប់ការអនុវត្តលើភាពចម្រូងចម្រាសដែលមានអាយុកាលរាប់សតវត្ស ចំពេលមានការកើនឡើងនៃការគាំទ្រសម្រាប់សុខុមាលភាពសត្វនៅក្នុងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤។

ការបរិភោគសាច់សុនខត្រូវបានគេមើលឃើញថា ជាវិធីមួយដើម្បីបង្កើនភាពរឹងមាំក្នុងរាងកាយ នៅក្នុងរដូវក្តៅរបស់ប្រទេសកូរ៉េ ប៉ុន្តែវាបានក្លាយជារឿងដ៏កម្រមួយ ដែលឥឡូវនេះភាគច្រើនមនុស្សវ័យចំណាស់មួយចំនួន បានបរិភោគសាច់សត្វនេះ។

ការគាំទ្រចំពោះការហាមប្រាមនេះ បានកើនឡើងក្រោមការដឹកនាំរបស់ប្រធានាធិបតី Yoon Suk Yeol ដែលជាអ្នកស្រឡាញ់សត្វចិញ្ចឹមសុនខ និងឆ្មារ ជាមួយជំទាវទីមួយ Kim Keon Hee ហើយក៏ជាអ្នករិះគន់ចំពោះការទទួលទានសាច់សុនខផងដែរ។

ទន្ទឹមនោះ ក្រុមសកម្មជនបាននិយាយថា សត្វសុនខភាគច្រើនត្រូវបានឆក់ ឬព្យួរកនៅពេលសម្លាប់យកសាច់ ទោះបីជាអ្នកបង្កាត់ពូជ និងឈ្មួញបានប្រកែកថា មិនមានការសម្លាប់បែបក៏ដោយ។

ជាមួយគ្នានោះដែរ ក្រសួងកសិកម្មបានប៉ាន់ប្រមាណថា គិតត្រឹមខែមេសា ឆ្នាំ២០២២ កសិដ្ឋានប្រហែល ១,១០០ ត្រូវបានបង្កាត់ពូជសត្វឆ្កែចំនួន ៥៧០,០០០ក្បាលដើម្បីបម្រើនៅភោជនីយដ្ឋានប្រហែល ១,៦០០កន្លែង។ ខណៈសមាគម Korean of Edible Dogs ដែលជាសម្ព័ន្ធអ្នកបង្កាត់ពូជ និងជួញដូរ បាននិយាយថា ការហាមឃាត់នេះ នឹងប៉ះពាល់ដល់កសិដ្ឋានចំនួន ៣,៥០០កន្លែង ដែលចិញ្ចឹមសត្វសុនខចំនួន ១,៥លានក្បាល ព្រមទាំងភោជនីយដ្ឋានចំនួន ៣,០០០កន្លែងផងដែរ។

យ៉ាងណាម៉ិញ សេចក្តីព្រាងច្បាប់នេះ បានទទួលការយល់ព្រមពីគណៈកម្មាធិការកសិកម្មទ្វេភាគីរបស់សភា កាលពីថ្ងៃចន្ទ សម្រាប់ការបោះឆ្នោតនៅក្នុងសភាដែលមានសមាជិក ៣០០រូប ប្រសិនបើអនុម័ត ច្បាប់នេះនឹងចូលជាធរមាន បន្ទាប់ពីរយៈពេលអនុគ្រោះ ៣ឆ្នាំខាងមុខ។ បើមានការបំពានច្បាប់ អ្នកល្មើសនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ឬពិន័យជាប្រាក់ ៣០លានវ៉ុន (ស្មើនឹង ២២,៩០០ដុល្លារអាមេរិក)៕

ប្រភព៖ CNA

Share.