បាត់ដំបង÷ បុរសម្នាក់អត់ទ្រាំនឹងអ្នកជិតខាងផឹកស៊ីចាក់ធុងបាស់បំពងសំឡេងខ្លាំងៗបានទាញកាំភ្លើងចម្លែកមកគំរាម ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួនអនុវត្តច្បាប់។

នគរបាលជំនាញបានប្រាប់ឲ្យដឹងថា÷ ការឃាត់ខ្លួនបុរសវ័យជាង ៤០ឆ្នាំខាងលើធ្វើឡើងនៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៤កន្លងមកថ្មីៗនេះ។ បុរសជនបង្កមានឈ្មោះ សា ម្លិះ ភេទប្រុស អាយុ ៤៣ឆ្នាំ  មានទីលំ នៅ ក្នុងភូមិដង្កោទាប សង្កាត់ទួល តា ឯក ក្រុង បាត់ដំបង ខេត្តបាត់ដំបង។

ប្រភពសមត្ថកិច្ចដដែលបានបញ្ជាក់បន្តថា នៅថ្ងៃកើតហេតុថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោ ង ៩:០០នាទីយប់ នៅត្រង់ចំណុចក្រុមទី ០៧ ភូមិដំណាក់ហ្លួង សង្កាត់ វត្តគរ ក្រុងបាត់ដំបង ជនសង្ស័យបានដកអាវុធចេញពីហោប៉ៅ ហើយភ្ជង់ទៅលេីជនរងគ្រោះ និងជាដើមបណ្តឹង ឈ្មោះបេ ខេមរិន ភេទប្រុស អាយុ ៣៣ឆ្នាំ  មានទីលំនៅក្បែរគ្នាក្នុងភូមិ សង្កាត់ ខាងលើ ដោយសារខឹងនឹងជនរងគ្រោះផឹកស៊ីរួចចាក់ធុងបាស់ខ្លាំងៗ នាំឲ្យរំខាន។

សម្ភារៈដែលដកហូតក្រោយការនាំខ្លួនរួមមាន កាំភ្លើងមិនស្គាល់ម៉ាកមានរាងជាទូរស័ព្ទដៃ មានលេខ IC៣៨០ មួយដើមមានគ្រាប់ចំនួន ០៦គ្រាប់, ស្រោមដាក់គ្រាប់កាំភ្លើងក្រណាត់ ពណ៌ខ្មៅមួយ
និងម៉ូតូម៉ាក់ Yamaha Sirius ពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋ១៧-៣៥៥០ មួយគ្រឿងផងដែរ។

អាវុធប្រភេទ IC៣៨០ ខាងលើជាអាវុធពិតប្រាកដដែលគេផលិតឡេីងមានរូបរាងដូចទៅនឹងទូរស័ព្ទដៃសេរីទំនេីប ហើយនៅពេលកាន់ប្រេីប្រាស់មិនងាយដឹងថាជាអាវុធ នោះទេ លុះត្រាតែធ្វេីសកម្មភាពបាញ់ចេញទេីបដឹងថាវាជាអាវុធ ដែលអាចបង្កការគ្រោះថ្នាក់សម្លាប់មនុស្សបាន។

ចំពោះមុខជនសង័្សយ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៕

អត្ថបទ÷ ដំបងក្រញូង

Share.