ប្រមុខយោធាទីក្រុងម៉ានីល លោក Romeo Brawner បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទ ថា ហ្វីលីពីននឹងធ្វើការអភិវឌ្ឍកោះនៅសមុទ្រចិនខាងត្បូង ដែលខ្លួនចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន សម្រាប់ជាជម្រករបស់កងទ័ព។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤។

ផែនការនេះកើតឡើងចំពេលដែលភាពតានតឹងកាន់តែខ្លាំងឡើងរវាងហ្វីលីពីន និងចិន ដែលប្រទេសទាំង២ ទាមទារទឹកដីនៅសមុទ្រចិនខាងត្បូងមកកាន់កាប់រៀងៗខ្លួន និងបានចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញសកម្មភាពបង្កវិវាទនៅលើផ្លូវទឹកដ៏សំខាន់មួយនេះ។

ទីក្រុងម៉ានីល និងទីក្រុងប៉េកាំង មានប្រវត្តិជម្លោះដែនសមុទ្រដ៏យូរលង់នៅក្នុងផ្លូវទឹក ប៉ុន្តែទំនាក់ទំនងបានធ្លាក់ចុះយ៉ាងខ្លាំងនាពេលថ្មីៗនេះ ជុំវិញឧប្បត្តិហេតុជាបន្តបន្ទាប់ដែលពាក់ព័ន្ធនឹងនាវាមកពីប្រទេសទាំង២។

ក្រៅពីតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ហ្វីលីពីនកាន់កាប់ចំណុចសំខាន់ៗ ចំនួន៨ផ្សេងទៀត នៅក្នុងសមុទ្រចិនខាងត្បូង ហើយចាត់ទុកវាជាផ្នែកមួយនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។

លោក Brawner បាននិយាយបន្ទាប់ពីចូលរួមសន្និសីទនៅទីបញ្ជាការកណ្ដាលយោធាក្រោមការដឹកនាំដោយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ថា «យើងចង់ឱ្យចំណុចទាំង៩ មានភាពល្អប្រសើរឡើង ជាពិសេសកោះដែលយើងកំពុងកាន់កាប់»។

លោក បន្ថែមថា យោធាចង់នាំយកម៉ាស៊ីនចម្រុះទឹកឱ្យកងទ័ព ដែលរកំពុងឈរជើងនៅលើនាវាចម្បាំងដែលហ្វីលីពីនមានចេតនាដាក់មូលដ្ឋាននៅតំបន់ Second Thomas Shoal ក្នុងឆ្នាំ១៩៩៩ ដើម្បីអះអាងការទាមទារអធិបតេយ្យភាពរបស់ខ្លួន។

សូមជម្រាបថា ចំណុចសំខាន់ៗទាំង​នោះ​រួម​មាន​កោះ Thitu ដែលជា​កោះ​ធំ​បំផុត និង​មានលក្ខណៈយុទ្ធសាស្រ្តដ៏សំខាន់​បំផុត​នៅ​សមុទ្រ​ចិន​ខាង​ត្បូង កោះនេះស្ថិតនៅចម្ងាយប្រហែល ៤៨០គីឡូម៉ែត្រភាគខាងលិចនៃខេត្ត Palawan នៃប្រទេសហ្វីលីពីន៕

ប្រភព៖ CNA

Share.