ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) ជើង​ឯក​ថ្នាក់​ជាតិ រដូវកាល​ឆ្នាំ​២០២៣-២៤ បាន​ធ្វើដំណើរ​ដល់​វគ្គ​ជម្រុះ​១៦ក្រុម​ចុងក្រោយ​ហើយ ស្រប​ពេល​ដែល​​កីឡាករ​ចំនួន​៤៦៤នាក់ ត្រូវ​បាន​ក្រុម​ទាំង​១៦ ចុះ​បញ្ជី​ដាក់​​អោយ​ត្រៀម​ប្រកួត​តាម​ប្រកួត​នីមួយៗ​របស់​ខ្លួន។

នៅ​ក្នុង​ចំណោម​កីឡាករ​​ទាំង​៤៦៤នាក់​នេះ មាន​កីឡាករ​ចំនួន​​១១នាក់​មាន​អាយុ​ច្រើន​ជាង​គេ គិត​ត្រឹម​ថ្ងៃ​ប្រកួត​ដំបូង​ ១០ មករា ២០២៤ កន្លង​ទៅ។ កីឡាករ​ទាំង​១១​នាក់​នោះ​មាន៖

១) កាំង​ សេន របស់ ISI ដង្កោសែនជ័យ មាន​អាយុ​៣៩
២) ចាន់ សាឌីន របស់​ខេត្ត​កំពង់ចាម មាន​អាយុ​៣៦​ឆ្នាំ
៣) គួច សុកុម្ភះ របស់​ណាហ្គាវើល មាន​អាយុ​៣៦​ឆ្នាំ
៤) បឿន រដ្ឋា របស់​អង្គរស៊ីធី មាន​អាយុ​៣៤​ឆ្នាំ
៥) ពៅ ភារិទ្ធ របស់​សមាគម​ក្រសួង​មហាផ្ទៃ មាន​អាយុ​៣៤​ឆ្នាំ
៦) MARCUS WARREN HABER ជនជាតិ​កាណាដា របស់​ព្រះខ័នរាជស្វាយរៀង មាន​អាយុ​៣៤​ឆ្នាំ
៧) លី អាណាវី របស់​ខេត្ត​កំពង់ចាម មាន​អាយុ​៣៣​ឆ្នាំ
៨) ម៉ើល ចាន់រ៉ា របស់​ខេត្ត​ត្បូងឃ្មុំ មាន​អាយុ​៣៣​ឆ្នាំ
៩) ឡេង មករា របស់​ណាហ្គាវើល មាន​អាយុ​៣៣​ឆ្នាំ
១០) TACHIBANA YUSUKE ជនជាតិ​ជប៉ុន របស់​បឹងកេត មាន​អាយុ​៣៣​ឆ្នាំ
១១) ELSAYED MAHMAOUD ELSAYED ABDELFATTAH ជនជាតិ​អេហ្ស៊ីប របស់​គីរីវង់សុខសែនជ័យ

ចាន់ សាឌីន ប្រធានក្រុម​របស់ខេត្តកំពង់ចាម បង្ហាញខ្លួនជម្រើស១១នាក់ដំបូងទល់ក្រុមវិសាខា

ពានរង្វាន់​ Hun Sen Cup 2023-24 ជើង​ឯក​ថ្នាក់​ជាតិ​ បែងចែក​ការ​ប្រកួត​ជា​២វគ្គ​គឺ​វគ្គ​ជម្រុះ​ថ្នាក់ជាតិ​ និង​វគ្គ​ថ្នាក់​ជាតិ ដោយ​ប្រកួត​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៣ ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២៤។

បើ​គិត​ពី​ការ​ប្រកួត​ដំបូង​ក្នុង​ឆ្នាំ​២០០៧ មក​ឃើញ​ថា​​មាន​ក្រុម​ចំនួន​​៨ ធ្លាប់​ដណ្តើម​បាន​ជើង​ឯក​ពានរង្វាន់ Hun Sen Cup ក្នុង​នោះ​ក្រុម​ព្រះខ័នរាជស្វាយរៀង ឈ្នះ​បាន​៤លើក កងយោធពលខេមរភូមិន្ទ ឈ្នះ​បាន​៣លើក ដូចគ្នា​នឹង​វិសាខា ស្រប​ពេល​ក្រុម​ភ្នំពេញក្រោន ធ្លាប់​ឈ្នះ​បាន​២លើក។ ចំណែក​ក្រុម​ដែល​ឈ្នះ​បាន​ចំនួន​១សម័យ​កាល​មាន​ដូចជា​ណាហ្គាវើល, សមាគម​កីឡា​ក្រសួង​មហាផ្ទៃ, បឹងកេត និង​ខេមរាកីឡា៕

Share.