ចំនួនប្រជាជនរបស់ប្រទេសចិន បានធ្លាក់ចុះសម្រាប់រយៈពេល ២ឆ្នាំជាប់ៗគ្នាកាលពីឆ្នាំ២០២៣ ដោយសារអត្រាកំណើតទាបបំផុត និងរលកនៃការស្លាប់ដោយសារជំងឺកូវីដ១៩ នៅពេលដែលការបិទខ្ទប់ដ៏តឹងរ៉ឹងបានបញ្ចប់ ដោយបានបង្កើនល្បឿននៃការធ្លាក់ចុះដែលនឹងមានជះផលប៉ះពាល់រយៈពេលវែង ទៅលើសក្តានុពលនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ CNA នាថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤។

ការិយាល័យស្ថិតិជាតិ បានឱ្យដឹងថា ចំនួនប្រជាជនសរុបនៅក្នុងប្រទេសចិនបានធ្លាក់ចុះចំនួន ២.០៨លាននាក់ ឬស្មើនឹង ០.១៥ភាគរយ មកនៅត្រឹម ១.៤១ពាន់លាននាក់កាលពីឆ្នាំ២០២៣ ដែលចំនួនទាំងនោះ គឺលើសពីការថយចុះចំនួនប្រជាជនចំនួន ៨៥០,០០០នាក់ក្នុងឆ្នាំ២០២២ ដែលជាការថយចុះលើកដំបូងបង្អស់ចាប់តាំងពីឆ្នាំ១៩៦១ អំឡុងគ្រោះទុរ្ភិក្សមួយកើតនៅសម័យម៉ៅសេទុង។

ប្រទេសចិនបានជួបប្រទះនឹងការកើនឡើងយ៉ាងខ្លាំងនៃករណីកូវីដ១៩ នៅទូទាំងប្រទេស បន្ទាប់ពីការអនុវត្តវិធានការយ៉ាងតឹងរ៉ឹងរយៈពេល៣ឆ្នាំ និងវិធានការដាក់ឱ្យនៅដាច់ដោយឡែកពីគ្នា រហូតទាល់តែអាជ្ញាធរបានសម្រេចចិត្ត លុបចោលចំណាត់ការទាំងនោះវិញភ្លាមៗ កាលពីខែធ្នូ ឆ្នាំ២០២២។

អត្រានៃការស្លាប់សរុបកាលពីឆ្នាំមុនបានកើនឡើង ៦.៦ភាគរយ មានចំនួនដល់ទៅ ១១.១លាននាក់ ដែលអត្រាមរណភាពឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៧៤ អំឡុងបដិវត្តន៍វប្បធម៌។ ខណៈអត្រាការផ្ដល់កំណើតថ្មីបានធ្លាក់ចុះ ៥.៧ភាគរយ មានចំនួនដល់ទៅ ៩.០២លាននាក់ប៉ុណ្ណោះ ដោយអត្រានៃការផ្ដល់កំណើត គឺទាបបំផុត ៦.៣៩ ធ្លាក់ចុះ ៦.៧៧ភាគរយ ក្នុងឆ្នាំ២០២២។

អត្រាកំណើតក្នុងប្រទេស បានធ្លាក់ចុះអស់ជាច្រើនទសវត្សរ៍មកហើយ ដោយសារតែគោលនយោបាយមានកូនតែមួយដែលបានអនុវត្តពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០១៥ បូករួមទាំងការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័សក្នុងពេលនោះ។

យោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ ឥណ្ឌា បានវ៉ាដាច់ប្រទេសចិន ជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោកកាលពីឆ្នាំមុន ដោយជំរុញឱ្យមានការជជែកវែកញែកកាន់តែច្រើន អំពីគុណសម្បត្តិនៃការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ ដែលមានមូលដ្ឋាននៅប្រទេសចិន មួយចំនួនទៅកាន់ទីផ្សារផ្សេងទៀត ជាពិសេសនៅពេលដែលភាពតានតឹងភូមិសាស្ត្រនយោបាយកើនឡើងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។

សូមជម្រាបថា បើតាមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ ចំនួនប្រជាជនរបស់ប្រទេសចិន នឹងធ្លាក់ចុះចំនួន ១០៩លាននាក់នៅឆ្នាំ២០៥០ ដែលធ្លាក់ចុះច្រើនជាងការព្យាករណ៍របស់ពួកគេកាលពីឆ្នាំ២០១៩ ដល់ទៅ៣ដង៕

ប្រភព៖ CNA

Share.