ពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីបើកម៉ូតូមិនប្រកាន់ស្ដាំ ជ្រុលបុករថយន្តធ្វើដំណើរច្រាសទិសចំពីមុខពេញទំហឹង កាលពីវេលាម៉ោង៦និង២៥នាទីល្ងាច ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវលេខ៥៥ ស្ថិតនៅក្នុងភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

បើតាមប្រភពេព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្ត០១គ្រឿង ពណ៌ឈាមជ្រូក ជាប្រភេទរថយន្តភ្លៅបួន បើកបរក្នុងទិសដៅពីកើតទៅលិច  លុះបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ទឹកសមុទ្រគ្មានស្លាកលេខ បើកច្រាស់ទិសពីលិចទៅកើតក្នុងសភាពស្រវឹង បានជិះទៅបុករថយន្តចំពីមុខរថយន្តផ្នែកខាងស្ដាំ ដែលជាផ្លូវអទិភាពរថយន្ត បណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់នៅហ្នឹងកន្លែងភ្លាមៗតែម្ដង ។

ជនរងគ្រោះឈ្មោះ ហ៊ុល ញ៉ាញ់ ភេទប្រុសអាយុ ៦៤ ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ព្រែក៣ ឃុំ សំរោង ស្រុកភ្នំក្រវាញ មុខរបរកសិករ ស្លាប់នៅកន្លែងកើតហេតុ រីឯអ្នកបើកបររថយន្តមានឈ្មោះ ស្វាយ ហុងលី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរអ្នកបើកបរ រស់នៅភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ទោ គឹម វិចិត្រ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា មូលហេតុដែលបង្កឲ្យគ្រោះថ្នាក់ចរាចរណ៍នេះ ដោយសារអ្នកបើកបរម៉ូតូមិនប្រកាន់ស្តាំ និងបើកបរក្នុងស្ថានភាពស្រវឹង។ បច្ចុប្បន្ន សពជនរងគ្រោះបានប្រគល់ជូនទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាង និង អ្នកបើកបររថយន្ត សមត្ថកិច្ចឃាត់ខ្លួន យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តនិតិវិធី៕

អត្ថបទ៖ ពោធិ៍សាត់

Share.