ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បាននិយាយនៅថ្ងៃសុក្រ នេះថា ប្រទេសកូរ៉េខាងជើង បានធ្វើការសាកល្បងប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹករបស់ខ្លួន ក្នុងការតវ៉ាប្រឆាំងនឹងការធ្វើសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន នៅសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤។

របាយការណ៍បាននិយាយថា ការសាកល្បងប្រព័ន្ធ Haeil-5-23 គឺជាឈ្មោះដែលកូរ៉េខាងជើងបានដាក់ឱ្យដ្រូនបើកការវាយប្រហារក្រោមទឹក ដែលមានសមត្ថភាពនុយក្លេអ៊ែរ ត្រូវបានធ្វើឡើងដោយក្រសួងការពារជាតិនៅក្នុងដែនទឹកនៃឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។

បើតាមអ្នកនាំពាក្យម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះរបស់ក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រាប់ KCNA ថា «ឥរិយាបថប្រឆាំងនុយក្លេអ៊ែក្រោមទឹក របស់កងទ័ពរបស់យើងកំពុងត្រូវបានដាក់ចេញ ហើយសកម្មភាពឆ្លើយតបដែនសមុទ្រ និងក្រោមទឹកជាច្រើនមុខ នឹងបន្តរារាំងសមយុទ្ធយោធាអរិភាពរបស់កងទ័ពជើងទឹកអាមេរិក និងសម្ព័ន្ធមិត្ត»។

សូមជម្រាបថា កងទ័ពជើងទឹកនៃប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានធ្វើសមយុទ្ធរួមគ្នារយៈពេល ៣ថ្ងៃក្នុងសប្តាហ៍នេះ រហូតដល់ថ្ងៃពុធ រួមជាមួយនាវាផ្ទុកយន្តហោះអាមេរិក Carl Vinson ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អការឆ្លើយតបរបស់ពួកគេចំពោះការគំរាមកំហែងរបស់កូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ៕

ប្រភព៖ CNA

Share.