៥២​ប្រកួត​មក​នេះ ក្នុង​ពានរង្វាន់​លីគ​ទី២ កម្ពុជា Cambodian League 2 រដូវកាល​២០២៣-២៤ មាន​រឿង​កើត​ឡើង​ប្លែក​ចំនួន​៤​ ទំនង​ជា​កម្រ​កើត​មាន​​នៅ​លើ​ពិភពលោក នេះ​។ សារព័ត៌មាន​ត្រយង សូម​សង្ខេប​ជូន​ប្រិយមិត្ត​ជ្រាប​ដូចខាង​ក្រោម៖

១) ក្រុម​១​មាន​អ្នក​ចាំទី​២​នាក់ ត្រូវ​ពិន័យ​កាត​លើ​ទីលាន​​ប្រកួត​ក្នុង​ពេល​តែ​មួយ
ក្រុម​បាល់ទាត់​កងយោធពលខេមរភូមិន្ទ-ខ (Tiffy Army FC-B) ជា​​ក្រុម​មួយ​ដែល​ត្រូវ​បាន​លោក​អាជ្ញាកណ្ដាល ពិន័យ​កាត​ដល់​អ្នក​ចាំទី​២នាក់​​លើ​ទីលាន​ក្នុង​ប្រកួត​តែ​១ ពោល​គឺ លោក​អាជ្ញាកណ្ដាល សារី ថាណាក់ បាន​ពិន័យ​កាត​ក្រហម​ដល់​អ្នកចាំទី ម៉ៅ ណារិទ្ធ នៅ​នាទី​៩០ ស្រប​​ពេល​ម៉ោង​បន្ថែម​មាន​៥នាទី លោក ខែក ខេមរិន្ទ ដែល​ជា​គ្រូ​បង្វឹក​បាន​ប្តូរ​អ្នកចាំទី ម៉ាត់ ឡានី ចូល​ជំនួស​មុន​ចប់​ការប្រកួត។ ប៉ុន្តែ​បង្ហាញ​ខ្លួន​បាន​២​នាទី អ្នកចាំទី ម៉ាត់ ឡានី ក៏​ត្រូវ​ពិន័យ​កាត​លឿង​១សន្លឹក​ដែរ ក្នុង​ចំណោម​កាត​សរុប​៧សន្លឹក​នៃ​ជំនួប​រវាង​​ Tiffy Army FC ទល់ ISI ដង្កោសែនជ័យ-ខ លើ​ទីលាន​កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ។

អ្នកចាំទី ម៉ៅ ណារិទ្ធ (ឆ្វេង) អ្នកចាំទី ម៉ាត់ ឡានី (ស្តាំ) រូបថត៖ Tiffy Army FC

ប្រកួត​នៅ​សប្តាហ៍​​ទី​១៣ នៅ​ថ្ងៃ​ទី១៣ ខែ​មករា ឆ្នាំ​២០២៣ ថ្មីៗ​នេះ ម្ចាស់​ផ្ទះ Tiffy Army FC-B យក​ឈ្នះ​លើ​ក្រុម ISI ដង្កោសែនជ័យ-ខ ដោយ​លទ្ធផល ៤ទល់១។

២) ខ្សែ​ការពារ​ម្នាក់​ ចូល​ធ្វើ​ជា​អ្នក​ចាំ​ទី​២​ប្រកួត​ម្នាក់​ឯង
ខ្សែ​ការពារ​ ម៉ាប់ ស៊ីណៃ របស់​ក្រុម​បាល់ទាត់​អង្គរស៊ីធី បាន​ដើរតួរ​ជា​អ្នកចាំទី​​លើក​ទី២​ហើយ នៅ​ដើម​រដូវកាល​នេះ ក្នុង​គ្រា​ដែល​ក្រុម​មក​ពី​ខេត្ត​សៀមរាប បាន​ចរចា​ប្រកួត​លើ​ទឹកដី​​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ក្នុង​ខេត្ត​កណ្តាល របស់​ក្រុម​​សមាគម​កីឡា​ក្រសួង​មហាផ្ទៃ នៅ​សប្ដាហ៍​ទី៣ ថ្ងៃ​ទី១៣ ខែ​មករា ឆ្នាំ​២០២៤ តែ​បរាជ័យ​ដោយ​លទ្ធផល​១៤ទល់០។

ខ្សែការពារ ម៉ាប់ ស៊ីណៃ ដើរតួរជាអ្នកចាំទី (រូបថត៖ សមាគម​កីឡា​ក្រសួង​មហាផ្ទៃ)

ក្រុម​អង្គរស៊ីធី យក​កីឡាករ​តែ​១៤​នាក់​ប៉ុណ្ណោះ មក​ប្រកួត​លើក​នេះ ប៉ុន្តែ​អវត្តមាន​អ្នក​ចាំ​ទី​ទាំង​៣​របស់​ក្លិប​​មាន​ឈុន ផល្លី, ទុយ តឿនដារ៉ារិទ្ធ, វ៉ុន វិចិត្រ ដោយ​តម្រូវ​អោយ​កីឡាករ ម៉ាប់ ស៊ីណៃ ធ្វើ​ជា​អ្នកចាំទី​លើក​ទី២ ខណៈ​កាល​ពី​ដើរ​ជា​អ្នក​ចាំទី​លើក​ទី១​កន្លង​ទៅ ក្នុង​ជំនួប​ទល់​ក្រុម​យុវជន​បាទី នៅ​ខេត្ត​តាកែវ។ ដូច្នេះ​គិត​ត្រឹម​ពេល​នេះ ស៊ីណៃ ពាក់ស្រោម​ដៃ​ចាប់​បាល់​បាន​១៨០​នាទី​ហើយ។

៣) កីឡាករ​​២​នាក់​ Hat Trick ១លើក​ៗ​ លើស​ពី​​៥គ្រាប់ ទល់​នឹង​គូ​ប្រកួត​តែ​១ដូចគ្នា
ជា​ទូទៅ​គ្រាប់​បាល់ Hat Trick (រក​គ្រាប់​បាល់​​​បាន​៣គ្រាប់​ម្នាក់​ឯង​ក្នុង​១​ប្រកួត) ប៉ុន្តែ​គ្រាប់​បាល់ Hat Trick របស់​កីឡាករ​២នាក់​នេះ រក​បាន​លើស​ទី៣​គ្រាប់ ពោល​គឺ​កីឡាករ ជឿន ណាចា របស់​ក្រុម Tiffy Army FC-B រក​បាន​៧គ្រាប់​ម្នាក់​ឯង​ក្នុង​១​ប្រកួត ហើយ​កីឡាករ នួន បូរី របស់​សមាគម​ក្រសួង​មហាផ្ទៃ រក​បាន​៦គ្រាប់​ម្នាក់​ឯង​ក្នុង​១​ប្រកួត។ ៣គ្រាប់​របស់​កីឡាករ​ទាំង​២នាក់​​ ទាត់​ចូល​ទី​ក្រុម​អង្គរស៊ីធី ដូចគ្នា។

នួន បូរី (រូបថត៖សមាគម​កីឡា​ក្រសួង​មហាផ្ទៃ)
ជឿន ណាចា (រូបថត៖ Tiffy Army FC)

៤) ក្រុម​១​​បរាជ័យ​១៤គ្រាប់ ២លើក​ជាប់ៗគ្នា
​ក្រុម​អង្គរស៊ីធី ដែល​កំពុង​ឈរ​នៅ​តំបន់​បាត​តារាង​លីគ​ទី២ រដូវកាល​នេះ​បាន​រង​បរាជ័យ​ ដោយ​របូត​គ្រាប់​បាល់​រហូត​ដល់​១៤គ្រាប់​ជាប់ៗគ្នា ក្នុង​២ប្រកួត​ចុងក្រោយ ដោយ​សប្ដាហ៍​ទី១២​បាន​ចាញ់​ក្រុម Tiffy Army FC ដោយ​លទ្ធផល ១៤-០ ហើយ​សប្ដាហ៍​ទី១៣ បន្ត​ចាញ់​ក្រុម​សមាគម​កីឡា​ក្រសួង​មហាផ្ទៃ ១៤ទល់០ ទៀត។

ក្រុមអង្គរស៊ីធី (រូបថត៖Tiffy Army FC)

ពានរង្វាន់​លីគ​ទី២​កម្ពុជា Cambodian League 2 រដូវកាល​២០២៣-២៤ បាន​ឈាន​ដល់​​សប្ដាហ៍​ទី​១៣​ហើយ ​ស្រប​ពេល​ក្រុម​ជា​សមាជិក​ទាំង​៨​ត្រូវ​ប្រកួត​វិលជុំ​​ចំនួន៣ជុំ សន្សំ​ពិន្ទុ ហើយ​​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​នៅ​ចុង​រដូវកាល​នឹង​គ្រង​ជើង​ឯក​ប្រចាំ​ឆ្នាំ៕

Share.