ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរបង្ហាញមុខក្រុមជនសង្ស័យចំនួន១៨នាក់ជាសាធារណៈ ពាក់ព័ន្ធករណីធាក់ប្លន់យកម៉ូតូ នឹងក្រុមក្មេងទំនើង ដើម្បីបញ្ជួនខ្លួនទៅតុលាការដើម្បីចាត់ការតាមច្បាប់។

ជនសង្ស័យជាក្រុមក្មេងទំនើង និងជាក្រុមកាប់ប្លន់យ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាពធាក់ប្លន់ និងប្រើហិង្សា។

ក្រុមជនសង្ស័យទាំង១៨នាក់នេះ ត្រូវបានកម្លាំងជំនាញបានធ្វើការងារស្រាវជ្រាវឃាត់ជាបន្តបន្ទាប់ នៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែមករាឆ្នាំ ២០២៤ នៅចំណុចផ្សេងៗគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ បន្ទាប់ពីសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះដោយ ក្រុមជនសង្ស័យបានធ្វើសកម្មភាព ធ្លាក់ប្លន់យកម៉ូតូនិងកាប់ជនរងគ្រោះអោយរងរបួសផងនោះ។ ក្នុងប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនក្រុមជនសង្ស័យទាំង១៨ នាក់ សមត្ថកិច្ចបានដករហូតវត្ថុតាងកាំភ្លើងខ្លីម៉ាកlockប្រើហ្គាសមួយដើម កាំបិតប៉័ងតោ៣ដើម ដុំថ្ម ៣ដុំ និងម៉ូតូចំនួន០៨គ្រឿង។

បច្ចុប្បន្នក្រោយពីធ្វើការបង្ហាញមុខជនសង្ស័យទាំង១៨ នាក់នេះជាសាធារណៈ រួចកម្លាំងជំនាញបញ្ជូនខ្លួនជនសង្ស័យរួមវត្ថុតាងទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ សេង សាវី

Share.